ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៧ មេសានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០” ។
ក្នុងរយៈពេលប្រមាណ ១០ឆ្នាំ នៃការអនុវត្តផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១ ឆ្នាំ២០១១ ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអត្រាអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ធៀបនឹងចំនួនប្រជាជន ១០០ ០០០នាក់ ដល់១៣,១នាក់ ឆ្នាំ២០២១ មកនៅត្រឹម ១០,៩នាក់ នៅឆ្នាំ២០២០ និង១០,១នាក់ នៅឆ្នាំ២០២២។
ក្នុងឆ្នាំ២០២២ កម្ពុជាត្រូវប៉ាន់ស្មានពីការខាតបង់សេដ្ឋកិច្ច ដោយសារគ្រោះថ្នាក់ក្នុងឆ្នាំ២០២០ ចរាចរណ៍ផ្លូវគោកមានចំនួនប្រមាណ ៣៧៩,២លានដុល្លារអាមេរិក ដោយយោងតាមការសិក្សារបស់មន្ត្រីជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP)។
ផែនការនេះមានគោលបំណង កាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០% នៅឆ្នាំ២០៣០ ដោយផ្តោតលើគោលដៅសំខាន់ចំនួន២ គឺទី១.កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២.បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយផ្អែកតាមសសរស្ដម្ភចំនួន៦។
សេចក្តីព្រាង «ផែនការជាតិទសវត្សរ៍ សកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០» ត្រូវបានកំណត់អនុវត្ត លើគោលដៅជាក់លាក់គឺ ខេត្តមានអត្រាអ្នកស្លាប់និងអ្នករបួសខ្ពស់សរុបចំនួន ១៦រាជធានី ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាបខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្ត ព្រៃវែងខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ។
យុទ្ធសាស្ត្រនេះក៏ត្រូវបានផ្តោត លើមូលហេតុបង្កឱ្យមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្តាំ ការជែងនិងការបត់ ក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសញ្ញាចរាចរណ៍ និងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើកបរ ៕