បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីមួយរូប នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ប្រទេសកូរ៉េខាងត្បូង មិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជាស្ថិរភាពក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីរូបនោះថា “មិនមានច្បាប់ណាមួយនៅក្នុងច្បាប់ របស់កូរ៉េខាងត្បូងដែលហាមឃាត់ ការដឹកជញ្ជូនអាវុធទៅឱ្យប្រទេស ដែលកើតមានសង្គ្រាមផ្សេងទៀតនោះទេ។ វាក៏មិនមានប្រយោគណាមួយ នៅក្នុងបទប្បញ្ញត្តិរបស់ ក្រសួងការបរទេសកូរ៉េខាងត្បូង ដែលមិនអនុញ្ញាតឱ្យផ្តល់ជំនួយយោធា ដល់ប្រទេសទីបីដែលមាន ទុក្ខព្រួយរបស់យើងនោះទេ។ យើងមិនធ្វើបែបនេះទេ ព្រោះខណៈពេលដែលកូរ៉េខាងត្បូង គាំទ្រសហគមន៍អន្តរជាតិយ៉ាងសកម្ម សម្រាប់ជាប្រយោជន៍ដល់ការការពារ សេរីភាពពលរដ្ឋអ៊ុយក្រែននោះ យើងក៏ត្រូវតែគ្រប់គ្រងទំនាក់ទំនង ជាមួយរុស្ស៊ីក្នុងលក្ខណៈឱ្យមានស្ថិរភាព»ផងដែរ។
នៅព្រឹកថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងថា ការសម្រេចចិត្តណាមួយរបស់ ទីក្រុងសេអ៊ូលលើការប្រគល់ អាវុធធុនធ្ងន់ទៅឱ្យអ៊ុយក្រែន គឺនឹងអាស្រ័យលើទីក្រុងម៉ូស្គូ។
មន្ត្រីបាននិយាយថា “ពាក្យសម្តីរបស់ប្រធានាធិបតីគឺជាសុភវិនិច្ឆ័យ និងជាការឆ្លើយតបជាគោលការណ៍… អាជ្ញាធររុស្ស៊ីកំពុងធ្វើអត្ថាធិប្បាយ លើអ្វីមួយដែលមិនកើតឡើង ប៉ុន្តែយើងអាចគិតបញ្ច្រាស់បានថា អ្វីដែលយើងធ្វើនាពេលអនាគត នឹងអាស្រ័យលើប្រទេសរុស្ស៊ី”។
កាលពីថ្ងៃពុធ លោក Yoon បាននិយាយថា នៅក្នុងព្រឹត្តិការណ៍នៃស្ថានការណ៍នៅអ៊ុយក្រែន ដែល “សហគមន៍អន្តរជាតិមិនអាចទ្រាំទ្របាន” វានឹងពិបាកសម្រាប់ទីក្រុងសេអ៊ូល ក្នុងការទទូចឱ្យផ្តល់តែជំនួយមនុស្សធម៌ ឬហិរញ្ញវត្ថុដល់ទីក្រុងគៀវ ដូច្នេះអនុញ្ញាតឱ្យជាលើកដំបូងនូវលទ្ធភាពនៃការ ជំនួយយោធាដល់អ៊ុយក្រែន ដោយកូរ៉េខាងត្បូង។
នៅថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការសោកស្តាយ ចំពោះជំហរមិនរាក់ទាក់របស់កូរ៉េខាងត្បូង ចំពោះស្ថានភាពនៅអ៊ុយក្រែន ដោយបន្ថែមថា “ការចាប់ផ្តើមការផ្គត់ផ្គង់អាវុធនឹង មានន័យដោយប្រយោលនូវដំណាក់កាល ជាក់លាក់នៃការចូលរួមនៅក្នុងជម្លោះនេះ” ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងពិចារណា លើ “ការផ្តល់សព្វាវុធណាមួយឱ្យអ៊ុយក្រែន ទោះបីជាអ្នកផ្តល់នោះពួកគេមកពីណាក៏ដោយ គឺវាជាទង្វើប្រឆាំងរុស្ស៊ីដោយបើកចំហ” ៕
ប្រែសម្រួលៈ ណៃ តុលា