រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមការគាំទ្រ ពីអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថា ស្តីពី«គំនិតផ្តួចផ្តើម អរិយធម៌សកលជំរុញ កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលមានវាគ្មិន កិត្តិយស រួមមានភាគីចិន លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងតំណាងភាគីកម្ពុជា ដែលអញ្ជើញមកពីមជ្ឈដ្ឋាន នយោបាយ ធនាគារខួរក្បាល សារពត៌មាន និងសង្គមស៊ីវិល រួមមានលោក កៅ មុយថង ទីប្រឹក្សាផ្ទាល់ និង ជាសមាជិកក្រុមលេខា សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ឈីវ លីម អគ្គលេខាធិការរង អាជ្ញាធរមីនកម្ពុជា លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន។
ក្នុងនាមអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ដែលតែងគាំទ្រជាប់ជានិច្ច ចំពោះបេសកកម្មផ្សព្វផ្សាយពុទ្ធិ របស់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន លោក ប៊ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា តំណាងលោក អគ្គលេខាធិការ បានគាំទ្រ វាយតម្លៃខ្ពស់ដល់«គំនិតផ្តួចផ្តើម អរិយធម៌សកល» ជាទស្សនវិជ្ជាដែលបានទទួលនូវការសាទរ យ៉ាងខ្លាំងក្លាពីពិភពលោកទាំង មូលដែលកោតសរសើរ ដល់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា របស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ហើយគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើម ដោយលោក Xi Jinping ប្រធានរដ្ឋចិន បាននិងកំពុងក្លាយជាកត្តាលីករ ដ៏សំខាន់នៃការចូលរួមក្នុងវិថីល្បឿនលឿន នៃការអភិវឌ្ឍសកល និងការចូលរួមថែរក្សាសន្តិភាព សម្រាប់មនុស្សជាតិ។
ក្នុងនាមស្ថានទូតចិន ប្រចាំនៅកម្ពុជា លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការប្រារព្ធធ្វើបាឋកថាលើកនេះ ហើយបានផ្តោតលើការណែនាំខ្លឹមសារសំខាន់ៗ នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយលោកមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះបង្ហាញ ពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់បក្សកុម្មុយនិស្តចិនក្នុងការធ្វើការជាមួយគណបក្សនយោបាយជុំវិញពិភពលោក ដើម្បីជំរុញកិច្ចទំនើបកម្ម ជាមួយនឹងលក្ខណៈផ្ទាល់ខ្លួន លើកកម្ពស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមអរិយធម៌ពិភពលោក និងលើកកម្ពស់ការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ។ ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក ដើម្បីលើកកម្ពស់វឌ្ឍនភាព នៃអរិយធម៌របស់មនុស្ស បានរួមចំណែកដោយគតិបណ្ឌិត និងដំណោះស្រាយរបស់ចិន។
លោក Wu Chuanbing បានសង្កត់ធ្ងន់បន្ថែមទៀតថា ទាំងប្រទេសចិន និងកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ជាដៃគូ និងជាអ្នកធ្វើដំណើររួមគ្នា ក្នុងការរុករកទំនើបកម្ម ហើយប្រទេសទាំងពីរ ក៏ជាអ្នកត្រួសត្រាយ និងជាស្ថាបនិក ក្នុងការកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។ ក្នុងនាមជាអ្នកជិតខាងល្អ និង ជាមិត្តដ៏ស្មោះស្ម័គ្រដ៏គួរឱ្យទុកចិត្ត ប្រទេសចិនគាំទ្រ យ៉ាងមុតមាំ ដល់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសផ្លូវ អភិវឌ្ឍន៍ ដោយឯករាជ្យ ដែលសមស្របនឹងលក្ខខណ្ឌជាតិ របស់ខ្លួន ហើយប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីកសាង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រឆកោណ» និង ធ្វើការរួមគ្នាដើម្បីអនុវត្តលទ្ធិពហុភាគីនិយម ប្រឆាំងដាច់ខាត នូវគ្រប់ទម្រង់នៃអនុត្តរភាព និងនយោបាយអំណាច រួមគ្នារក្សាសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងយុត្តិធម៌អន្តរជាតិ ហើយចូលរួមចំណែក កាន់តែច្រើនក្នុងការជំរុញ កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និងបង្កើតឱ្យកាន់តែប្រសើរឡើង នូវអនាគតកាន់តែបវរសម្រាប់មនុស្សជាតិ។
វាគ្មិនកិត្តិយសកម្ពុជា ដែលបានចូលរួមធ្វើបទបង្ហាញ ក្នុងបាឋកថានេះ សុទ្ធតែបានយល់ស្របគ្នានឹងលោក Wu Chuanbing ថា ខ្លឹមសារសំខាន់ នៃគំនិតផ្តួចផ្តើមអរិយធម៌សកល អាចត្រូវបាន សង្ខេបនៅក្នុង «រួមគ្នាផ្តួចផ្តើម» ចំនួនបួនគឺ ១-រួមគ្នាផ្តួចផ្តើមគំនិត ស្តីពីការគោរពភាពចម្រុះ នៃអរិយធម៌ពិភពលោក ២-រួមគ្នាផ្តួចផ្តើមគំនិត ស្តីពីផ្សព្វផ្សាយគុណតម្លៃរួម នៃមនុស្សជាតិ ៣-រួមគ្នាផ្តួចផ្តើមគំនិត ស្តីពីការយកចិត្តទុកដាក់លើការ បន្តវេននិងនវានុវត្តន៍ លើអរិយធម៌ និង៤-រួមគ្នាផ្តួចផ្តើមគំនិតស្តីពីពង្រឹង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ មនុស្សជាតិអន្តរជាតិ។
ក្នុងនោះ លោកបណ្ឌិត កៅ មុយថង បានមានប្រសាសន៍សង្កត់ធ្ងន់ថា អរិយធម៌សកល ផ្តោតលើទី១) កសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិតាមរយៈកិច្ចខិតខំសម្រេច ឲ្យបាននូវការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន និង ការអភិវឌ្ឍសកល ហើយអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ ទី២) ការថែរក្សាយ៉ាងខ្ជាប់ខ្ជួន នូវសន្តិភាពនិងការអភិវឌ្ឍក្រោមទម្រពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
លោកបណ្ឌិត គិន ភា បានគូសរំលេចថា គំនិតផ្តួចផ្តើមអរិយធម៌សកលនេះ បានលើកឡើងស្របពេល ដែលប្រជាជាតិនានា ក្នុងសកលលោក កំពុងឆ្ពោះទៅរកការ រស់នៅក្នុងពហុវប្បធម៌ នយោបាយ ពហុប៉ូល និងការរស់នៅ ក្នុងនាម ជាពលរដ្ឋសកល ។ ការជួបជជែកគ្នា ដើម្បីឈ្វេងយល់ និងផ្លាស់ប្តូរពីគ្នាទៅវិញទៅមក អំពីវប្បធម៌និងអារ្យធម៌ពិភពលោក នាពេលនេះ គឺជារឿងចាំបាច់ដែលត្រូវធ្វើ។
លោក ឈីវ លីម បានបង្ហាញថា ជាសច្ចភាពដែលថា អរិយធម៌សកលកំពុងជំរុញកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលជាទស្សនវិជ្ជាផ្តល់ពន្លឺ ដ៏ត្រចះត្រចង់ដល់សន្តិភាព ដែលនឹងបន្តពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីនាំប្រជាជាតិទាំងអស់រួម កម្លាំងគ្នាចូលរួមក្នុងចរន្ត នៃការអភិវឌ្ឍប្រកប ដោយចីរភាព និងការធានាឲ្យមានការរីកចម្រើន ផ្នែកអរិយធម៌ប្រកបដោយគុណតម្លៃ នៃការសម្រេចឲ្យបាននូវការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ន និង ការអភិវឌ្ឍឈ្នះ-ឈ្នះ។
លោក សយ សុភាព បានបញ្ជាក់ថា វត្តមានរបស់យើងទាំងអស់គ្នា ក្នុងពេលនេះគឺជាការរួមចំណែក ក្នុងការលើកកម្ពស់អរិយធម៌សកល តាមរយៈការសន្ទនាគ្នាដ៏ស្មោះត្រង់ ដើម្បីផលប្រយោជន៍មនុស្សជាតិ តទៅថ្ងៃអនាគត។
ជាមួយគ្នាផងដែរ លោកក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន រដ្ឋបុរសសន្តិភាព នៃកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់គោល នយោបាយពហុភាគី និយមនៅលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍មនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមអរិយធម៌សកល មិនត្រឹមតែផ្តោត លើការអភិវឌ្ឍបញ្ឈរ និងការច្នៃប្រឌិត នៃអរិយធម៌ផ្សេងៗ គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្លឹងមើលការរៀនសូត្រទៅវិញទៅមក និងការផ្លាស់ប្តូរ រវាងអរិយធម៌ពិភពលោក។ គំនិតផ្តួចផ្តើមនេះគិតគូរ ពីលក្ខណៈបុគ្គល និងលក្ខណៈទូទៅនៃអរិយធម៌ផ្សេងៗគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈនៃការអភិវឌ្ឍនិងការតភ្ជាប់ជាសកល ប្រកាន់ខ្ជាប់នូវសេចក្តីពិត រក្សាភាព សុចរិត និងនវានុវត្តភាព ព្រមទាំងពង្រឹងបន្ថែម និង អភិវឌ្ឍគោលគំនិតសំខាន់ៗ នៃស្របនឹងស្ថានភាពថ្មី នៃការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនង រវាងប្រជាជន និង ប្រជាជនដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក ក្នុងបរិបទរួមនៃកាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)