ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានកាន់តំណែង អភិបាលរាជធានីភ្នំពេញ អាណត្តិទី២ទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបថា មានអ្នកអុចអាលសម្ដេចរឿងលោក ឃួង ស្រេង ប៉ុន្តែសម្ដេចមិនស្ដាប់តាមការអុចអាលនោះទេ ដោយសម្ដេចលើកឡើងថា «បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលតំណែង អភិបាលរាជធានីភ្នំពេញ អាណត្តិទី២ទេ» ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ មេសាសម្ដេចតេជោ បានមានប្រសាសន៍ថា «សូមកុំឲ្យមានការបំភ្លៃបោកប្រាស់ ហើយសូមឲ្យមន្ត្រីនានារំលឹកខ្លួនឯងថា បើទៅជួបអ្នកណាម្នាក់ត្រូវចាំ …ខ្ញុំតែងតែកត់សម្គាល់ បើមនុស្សជួបជិតយើងនិយាយដើមអ្នកដទៃ ពេលទៅជួបអ្នកដទៃ និយាយដើមពីយើងច្បាស់ណាស់រឿងនេះ ខ្ញុំប្រាកដក្នុងចិត្តរឿងកន្លែងហ្នឹង ហើយប្រហែលចាប់ពីពេលនេះទៅ គ្មានអ្នកណាយករឿងអ្នកដទៃ យកមកនិយាយប្រាប់ខ្ញុំទេ ហើយចេះរកវិធីនិយាយទៀត» ។

សម្ដេចសង្កត់ធ្ងន់ថា «សូម្បីតែ ឃួង ស្រេង (អភិបាលរាជធានីភ្នំពេញ) បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូល​អាណត្តិទី២ទេ ខ្ញុំនិយាយឲ្យច្បាស់ចឹងតែម្ដង ហើយព័ត៌មានចេញពីជ្រុងមក វ៉ៃអា ស្រេង រហូតប៉ុន្តែខ្ញុំរឹង ហ្នឹងនិយាយឲ្យវាពិត វាមានអីចឹង តែខ្ញុំក៏មិនដែលប្រាប់ ឃួង ស្រេងដែរ ឥឡូវខ្ញុំនិយាយចំហតែម្ដងទៅ» ។

ពាក់ព័ន្ធបញ្ហានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងដាស់តឿនមន្ត្រីនានា ឲ្យឈប់ទៅរឿង​ដើរជេរគេជេរឯងនោះ ៕

To Top