ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន (កញ្ចប់ទី២) សម្រាប់គម្រោងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ មានទឹកប្រាក់ចំនួន ២ ៤៨២ លានយ៉េនជប៉ុន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងសេដ្ឋកិច្ច និង JICA ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធ ស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញរវាង រាជរដ្ឋាភិបាលកម្ពុជា និងJICA នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោករដ្ឋលេខាធិការ ហែម វណ្ណឌី បានគូសបញ្ជាក់ថា នេះគឺជាឯកសារគតិយុត្តមួយទៀត បន្ទាប់ពីការចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់ គម្រោងនេះ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ រវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។
លោក រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន គ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ដែលបានឆ្លើយតបចំទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និង អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
សូមរំលឹកថា គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ មានទិសដៅ កែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុគម្រោងចំនួន ២ រួមមាន អនុគម្រោងប្រព័ន្ធធារាសាស្រ្តរលាំងជ្រៃ និងអនុគម្រោងប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង-បាទី ដែលការងារសាងសង់នេះ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ និងខេត្តកណ្តាល ដែលមានផ្ទៃដីធារាសាស្រ្តសរុបប្រមាណ ២១ ០០០ ហិកតា និងផ្តល់គុណប្រយោជន៍ដល់ប្រជាជនប្រមាណ ៧ ៩២៥ គ្រួសារ តាមរយៈការផ្គត់ផ្គង់ធនធានទឹកស្រោចស្រពឲ្យបានគ្រប់គ្រាន់ ដែលជួយឱ្យកសិករ អាចបង្កើនផលិតកម្មស្រូវបានពីចំនួនប្រមាណ ២,០៩៣,៥០ តោនហត ទៅ ៣,៥០៥,០០ តោន/ហត៕