ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ជំហានទី១ ទី២ និងទី៣ នឹងបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី (Sustainable Infrastructure Programme in Asia) រួមជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum – ITF) នាថ្ថៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ហើយរំពឹងថា នឹងមានសមត្ថភាពអាចទទួលការផ្ទេរផ្ទុកទំនិញអឺរ៉ុបបានដល់៩០%។
លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា «គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជា ការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ ទី២ និងទី៣ ដែលនឹងត្រូវប្រកាសបើកការដ្ឋានជាផ្លូវការនាថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី»។
ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានឲ្យដឹងថា គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅថ្ងៃទី០៧ មិថុនា ២០២៣។ ចំពោះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង៕