ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមាន​ពី​ការ​ឆ្លើយ​តប​ជា​ ចំពោះ​សកម្មភាព​ឈ្លានពានរបស់អាមេរិក

តេអេរ៉ង់៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនពិតជានឹងឆ្លើយតបទៅនឹង ទង្វើនៃការឈ្លានពាន ណាមួយ ជាមួយនឹងវិធានការ “សម្រេចចិត្ត និងសោកស្តាយ” បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន នឹងទទួលស្គាល់សិទ្ធិ របស់អ៊ីស្រាអែលសម្រាប់ “សេរីភាពនៃសកម្មភាព” ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមទទួលបានអាវុធនុយក្លេអ៊ែរ។ 

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ នៅពេលដែលគាត់ត្រូវបានស្នើសុំឱ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នៅវិទ្យាស្ថាន Washington Institute for Near East Policy កាលពីថ្ងៃព្រហស្បតិ៍។ 

លោក Kanaani បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក Sullivan នៅតែជាភស្តុតាងមួយទៀតដែលថាសហរដ្ឋអាមេរិក ទទួលយកការទទួលខុសត្រូវ ចំពោះសកម្មភាព “បំផ្លិចបំផ្លាញ” របស់អ៊ីស្រាអែលដោយផ្ទាល់ និងដោយប្រយោល។

លោកបានជំរុញឱ្យសហរដ្ឋអាមេរិកប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ផ្លូវច្បាប់នៃសេចក្តីថ្លែងការណ៍បែបនេះ ដោយបន្ថែមថាសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់មាន “សន្តិភាព” ហើយប្រទេសនេះគឺជាហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយ និងប្តេជ្ញា ចំពោះកិច្ចព្រមព្រៀងការពារ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការ ថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រម ដាក់ការទប់ស្កាត់មួយចំនួន លើកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម លើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្ម ឯកតោភាគី របស់ខ្លួនឡើងវិញ លើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយ កាត់បន្ថយការប្តេជ្ញាចិត្ត នុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top