គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា “យើងត្រូវរង់ចាំ” មុនពេលកងកម្លាំងរបស់លោក ចាប់ផ្តើមការវាយលុករបស់ពួកគេ ដោយផ្តល់យោបល់ថា ប្រតិបត្តិការបែបនេះនឹងបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។
លោកបានលើកឡើងថា ទាក់ទងនឹងការលើកទឹកចិត្ត ចំនួនបុគ្គលិក និងចិត្តគំនិត “យើងត្រៀមខ្លួនរួចរាល់ហើយ” ប៉ុន្តែថា “នៅក្នុងលក្ខខណ្ឌនៃគ្រឿងបរិក្ខារ មិនមែនអ្វីៗទាំងអស់ បានមកដល់នៅឡើយទេ” ។
លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងគៀវ សម្រាប់ Eurovision News ដែលត្រូវបានចាក់ផ្សាយដោយ BBC ថា “យើងនៅតែរំពឹងថា នឹងមានអ្វីមួយចំនួន ពួកគេនឹងពង្រឹងការវាយលុករបស់យើង ហើយសំខាន់បំផុតពួកគេនឹងការពារប្រជាជនរបស់យើង ហើយ យើងកំពុងរំពឹងថា រថពាសដែក ពួកគេមកដល់ជាក្រុមៗ”។
លោកបានបន្ដថា កងពលតូចប្រយុទ្ធ ដែលមួយចំនួនត្រូវបានបណ្តុះបណ្តាលដោយសមាជិកណាតូ “ត្រៀមខ្លួន” សម្រាប់ការវាយលុកដែលរង់ចាំជាយូរមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
លោកបានបន្ថែមថា “យើងអាចឈានទៅមុខជាមួយ នឹងអ្វីដែលយើងមាន ហើយខ្ញុំគិតថាយើងអាចជោគជ័យ ប៉ុន្តែយើងនឹងបាត់បង់មនុស្សជាច្រើន ខ្ញុំគិតថាវាមិនអាចទទួលយកបាននោះទេ យើងត្រូវរង់ចាំ យើងត្រូវការពេលបន្តិចទៀត”។
ទោះបីជាយ៉ាងណាក៏ដោយលោក Yevgeny Prigozhin ដែលជាប្រធានក្រុមទាហានស៊ីឈ្នួល Wagner នៃក្រុមទាហានស៊ីឈ្នួលប្រយុទ្ធសម្រាប់ទីក្រុងមូស្គូ ក្នុងទីក្រុង បេកមុត បានប្រតិកម្មទៅនឹងបទសម្ភាសន៍របស់ប្រធានាធិបតីអ៊ុយក្រែនដោយថា “លោក ហ្សេឡិនស្គី កំពុងនិយាយកុហក។ ដោយអះអាងថា ការវាយលុកកំពុងដំណើរការរួចទៅហើយ” ។
លោកបានបន្ថែមថា “កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន កំពុងព្យាយាមទម្លុះគែមនៃទីក្រុងសមរភូមិបេកមុត” ដែល “ដំបូងពួកគេត្រូវឆ្លងកាត់” មុនពេលធ្វើដំណើរទៅកាន់ទិសដៅ តំបន់ Belgorod និង Zaporizhzhia៕ប្រែសម្រួល ឈូក បូរ៉ា