ប៉េកាំង៖ ខណៈកំពុងបំពេញទស្សនកិច្ច ដោយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានឲ្យដឹងថា ប្រទេសចិន និងអឺរ៉ុប គួរតែរួមគ្នាប្រឆាំង និងទប់ទល់នឹងការប្រឈមមុខដាក់គ្នា ខាងមនោគមវិជ្ជា និងប្លុក ហើយចាក់បញ្ចូលស្ថិរភាព ភាពប្រាកដប្រជា និងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។
លោក Qin បានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយ សមភាគីន័រវេសលោក Anniken Huitfeldt ដោយលោកបានលើកឡើងថា ប្រឈមមុខនឹងស្ថានការណ៍ អន្តរជាតិ ដ៏ចលាចល ចិនតែងតែចាត់ទុកន័រវែស និងអឺរ៉ុប ជាដៃគូសហប្រតិបត្តិការ របស់ខ្លួន។
លោកបានបន្ដថា ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-ន័រវេសរក្សាបាននូវសន្ទុះដ៏ល្អ ហើយថាប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរបុគ្គលិក ស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជំរុញកំណើនបៃតង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីជាមួយភាគីន័រវេស។
លោកបានបន្ថែមថា ប្រទេសចិន នឹងប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ ផ្តល់នូវបរិយាកាសវិនិយោគអំណោយផល សម្រាប់សហគ្រាសមកពីជុំវិញពិភពលោក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកាន់តែស៊ីជម្រៅជាមួយប្រទេសន័រវេស។
លោក Qin បានបន្ថែមថា ខណៈដែលឆ្នាំក្រោយគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងន័រវេស ភាគីទាំងពីរគួរតែទាញយកប្រយោជន៍ពីឱកាសនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងនាំមកនូវលទ្ធផលផ្លែផ្កាបន្ថែមទៀត។
លោក Huitfeldt បានឲ្យដឹងផងដែរថា ប្រទេសន័រវេស ស្រឡាញ់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ហើយប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។ នាងទន្ទឹងរង់ចាំការផ្លាស់ប្តូរកាន់តែច្រើននៅគ្រប់កម្រិតបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩៕
ប្រែសម្រួល ឈូក បូរ៉ា