នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានជាច្រើនរបស់ប្រទេសជប៉ុន បានផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំកំពូលនៃប្រទេសG7 ដែលជិតនឹងបើកធ្វើនៅប្រទេសជប៉ុន នឹងទាមទារឱ្យប្រទេសចិន“គោរព”ក្បួនច្បាប់អន្តរជាតិ ។ ប្រការនេះធ្វើឱ្យសហគមន៍អន្តរជាតិ មានមន្ទិលសង្ស័យថា តើក្បួនច្បាប់អន្តរជាតិដែលពួកគេ បាននិយាយនោះគឺជាក្បួនច្បាប់អ្វី ?ក្នុងនាមជាសិស្សកំហូច ក្នុងការគោរពក្បួនច្បាប់អន្តរជាតិ ប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអាមេរិកជាដើម មានលក្ខណៈសម្បត្តិអី មកចោទប្រកាន់ប្រទេសចិន ?
បើនិយាយដល់ក្បួនច្បាប់អន្តរជាតិ នៅលើពិភពលោក មានក្បួនច្បាប់តែមួយ គឺក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលចាត់ទុកធម្មនុញ្ញ និងគោលការណ៍ អង្គការសហប្រជាជាតិជាមូលដ្ឋាន ។ ប៉ុន្តែ ប្រទេសលោកខាងលិចមួយចំនួនតូច ដែលមានអាមេរិកជាតំណាង តែងតែប្រើពាក្យសម្តីដែលថា“សណ្តាប់ធ្នាប់អន្តរជាតិ ដែលមានក្បួនច្បាប់ជាមូលដ្ឋាន” ។ ទាក់ទិននឹងការនេះ តំណាងប្រទេសចិន ធ្លាប់សួរដេញដោលដោយចំហក្នុងសន្និសីទ ក្រុមប្រឹក្សាសន្តិសុខថា តើ“អ្វីដែលហៅថា“សណ្តាប់ធ្នាប់អន្តរជាតិ ដែលមានក្បួនច្បាប់ ជាមូលដ្ឋាន គឺឈរលើក្បួនច្បាប់យ៉ាងណា ? ឈរលើក្បួនច្បាប់ដែលកំណត់ដោយអ្នកណា ?ហើយក្បួនច្បាប់ទាំងនេះមានទំនាក់ទំនងអី ជាមួយសណ្ឋាប់ធ្នាប់អន្តរជាតិ ? ”
អ្នកវិភាគ បានលើកឡើងថា តាមពិតទៅ និយមន័យនេះជាក្រណាត់បិទបាំងរបស់ប្រទេសG7 សម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ បង្កបង្កើតភាពចលាចលនៅទូទាំងពិភពលោក និងធ្វើការបដិបក្ខជាក្រុម ។ ក្បួនច្បាប់បែបនេះ គឺបម្រើតែផលប្រយោជន៍ ជាក្រុមរបស់ប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើម តែគឺមិនមែនបម្រើដល់ផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិនោះទេ ។
អ្នកផងទាំងពួងបានមើលឃើញថា ជ្រោងទង់អ្វីដែលហៅថា “សណ្តាប់ធ្នាប់អន្តរជាតិ ដែលមានក្បួនច្បាប់ជាមូលដ្ឋាន” អាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូច បានល្មើសនឹងក្បួនច្បាប់អន្តរជាតិ និងបំផ្លាញក្បួនច្បាប់អន្តរជាតិតាមទំនើងចិត្ត ហើយបានបន្សល់ទុក កំណត់ត្រាអាក្រក់ជាច្រើន ។ នាប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកបានជំរុញគំនិត “លទ្ធិ Monroeថ្មី”នៅអាមេរិកឡាទីន ញុះញង់ឱ្យធ្វើ“បដិវត្តន៍ពណ៌”នៅអឺរ៉ុបនិងអាស៊ី គ្រោងធ្វើសកម្មភាព“Arab Spring”នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង ដែលបាននាំមកនូវភាពច្របូកច្របល់ និងគ្រោះមហន្តរាយ ដល់ប្រទេសជាច្រើន ។ គ្រាន់តែឈានចូលសតវត្សរ៍ទី២១មក អាមេរិកក៏បានលូកដៃចូលសង្គ្រាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ និងសង្គ្រាមផ្ទៃក្នុងរបស់ស៊ីរី ដែលបណ្តាលឱ្យមានជនភៀសខ្លួនចំនួនសរុប២៧លាននាក់ ។
“ជ្រៀតជ្រែកនិយម”របស់អាមេរិកបែបនេះ សូម្បីតែប្រទេសជាសម័្ពន្ធមិត្ត ក៏មិនអាចចៀសវាងបានទេ ។ ចាប់ពីការបែកធ្លាយរបស់លោក Edward Snowden កាលពីឆ្នាំ២០១៣ ដល់ “ករណីបែកធ្លាយការណ៍សម្ងត់”របស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក ដែលកើតមាននាពេលថ្មីៗកន្លងទៅនេះ សុទ្ធតែបានបញ្ជាក់ ម្តងហើយម្តងទៀតថា អាមេរិកបាន លួចស្តាប់យកការណ៍ ក្នុងកម្រិតដូចគ្នាចំពោះសម័្ពន្ធមិត្ត ដូចជាប្រទេសអាល្លឺម៉ង់ បារាំង ស៊ុយអែត កូរ៉េខាងត្បូង អ៊ីស្រាអែល និងអ៊ុយក្រែនជាដើម អាមេរិកគឺជា “មហាអំណាចលួចស្តាប់”និង“អាណាចក្រហែក”ដែលជាប់ចំណាត់ថ្នាក់ទីមួយនៅលើពិភពលោក។
ក្រៅពីនេះ អាមេរិក ក៏ញៀននឹងធ្វើការបដិបក្ខជាក្រុម ។ សូមយកតំបន់អាស៊ីប៉ាស៊ីហ្វិកជាឧទាហរណ៍ ចាប់ពីការបង្កើន“សហព័ន្ធ Five Eyes” ដល់ការផ្សព្វផ្សាយ“យន្តការចតុភាគី”និងបង្កបង្កើត“ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី” រហូតដល់ការបន្តឹងសម័្ពន្ធយោធាទ្វេភាគី គោលបំណង់របស់អាមេរិក គឺញុះញង់ឱ្យបង្កការបដិបក្ខគ្នានិងរក្សាអនុត្តរភាពរបស់ខ្លួន អាមេរិក បានក្លាយជាគ្រោះចង្រៃដែលបំផ្លាញដល់សន្តិភាពនិងស្ថិរភាព ក្នុងតំបន់រួចទៅហើយ ។
កងទ័ពអាមេរិក ដែលប្រចាំការនៅស៊ីរីមិនព្រមដកខ្លួន ចេញ ហើយលួចប្រេងកាត និងស្បៀងអាហារ ជប៉ុនបង្ខំឱ្យអនុវត្តផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ ។ល។ មិនថានៅអតីតកាល ឬបច្ចុប្បន្នកាល ការពិតជាក់ស្តែងសុទ្ធតែបញ្ជាក់ថាអាមេរិក និងជប៉ុនជាដើម ទើបជាអ្នកបំផ្លាញក្បួនច្បាប់អន្តរជាតិដ៏ធំបំផុត ៕