ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១៦នាក់ ក្នុងពេលបាញ់ប្រហារគ្នា នៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងតិច១៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅ ក្នុងការបាញ់ប្រហារគ្នារវាងក្រុមគូប្រជែង២ក្រុមនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ។

មន្ត្រីប៉ូលីសមកពីក្រុង Kohat បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទជុំវិញការបោះបង្គោលរ៉ែធ្យូង ថ្មដែលមានជម្លោះរវាងក្រុម២ នៅក្នុងតំបន់កុលសម្ព័ន្ធ Darra Adam Khel នៃស្រុក Kohat នៃខេត្ត ដែលបានបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស ។

ប៉ូលិសបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង ដោយសារតែជម្លោះដ៏យូរអង្វែងរវាង ក្រុមកុលសម្ព័ន្ធទាំង២ ហើយ Jirga ដែលជាតុលាការកុលសម្ព័ន្ធនៅ ក្នុងស្រុកមួយត្រូវបានធ្វើឡើងដើម្បីផ្សះផ្សា កុលសម្ព័ន្ធគូប្រជែងគ្នាជាច្រើនលើកហើយដែរ ។ ទោះយ៉ាងណាក៏ដោយ ក្រុមទាំងនោះបានប្រែក្លាយជាអំពើហិង្សា នៅគ្រាដែលពួកគេប្រឈមមុខដាក់គ្នា ខណៈដែលធ្វើការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មកាលពីថ្ងៃចន្ទ ។

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រោយកើតហេតុ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ ទៅកាន់កន្លែង និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យក្បែរនោះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top