បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិបានព្រមានថា វិធានការហិរញ្ញវត្ថុរបស់លោកខាងលិចកំពុងនាំទីក្រុងគីវចូលទៅ ក្នុងវិបត្តិបំណុលអធិបតេយ្យ ជាមួយនឹងបន្ទុកដែលរំពឹងថា នឹងលើសពី GDP របស់អ៊ុយក្រែននៅចុងឆ្នាំនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា “យើងនឹងឮច្រើននៅថ្ងៃនេះ អំពីសាមគ្គីភាពរបស់សហគមន៍លោកខាងលិចជាមួយអ៊ុយក្រែន ការត្រៀមខ្លួនដើម្បីគាំទ្រ ‘ ដរាបណាអ៊ុយក្រែនត្រូវការ។ ទោះជាយ៉ាងនេះក្តី ចាំបាច់ត្រូវយល់ថា ការគាំទ្រនេះកំពុងនាំអ៊ុយក្រែនដល់កម្រិតមួយ” ។ លោកថា បំណុលបរទេសរបស់អ៊ុយក្រែន បានកើនឡើងដល់កំណត់ត្រា ១៣២ ពាន់លានដុល្លារ ឬ ៨៩ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ ។ តាមការប៉ាន់ប្រមាណថានៅចុងឆ្នាំនេះវានឹងលើសពី ១០០ភាគរយ។
បេសកជនរុស្ស៊ីបានបន្ថែមថា “មូលនិធិដ៏ធំសម្បើមដែលត្រូវបានបែងចែកទៅឱ្យអ៊ុយក្រែនដោយ IMF សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងជំរុញឱ្យប្រទេសនោះចូលទៅក្នុងរណ្តៅបំណុល” ដោយព្រមានថា “ប្រជាជនអ៊ុយក្រែនធម្មតានឹងត្រូវសងបំណុល” ។
ដោយអត្ថាធិប្បាយលើកិច្ចព្រមព្រៀង របស់រដ្ឋាភិបាលទីក្រុងគៀវ ជាមួយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក BlackRock ដើម្បីចាប់ផ្តើមមូលនិធិអភិវឌ្ឍន៍អ៊ុយក្រែន លោក Nebenzia បានកត់សម្គាល់ថា ក្រុមហ៊ុនអាមេរិកនឹងទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុ៕
ប្រែសម្រួលៈ ណៃ តុលា