ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី បង្កការរំខាន ដល់ការនាំចេញសាច់ទៅកាន់ ប្រទេសជិតខាង

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កឱ្យមានក្តីបារម្ភក្នុងប្រទេសនេះ ជុំវិញការរំខានដល់ការនាំចេញទៅកាន់ប្រទេសជិតខាង ។

លោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃពុធថា ការឆ្លងត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរំខានជាបណ្តោះអាសន្នដល់ការនាំចេញទាំងជ្រូករស់ និងសាច់ជ្រូកដែលទើបតែសម្លាប់ថ្មីៗ ។

លោក Limpo បានប្រាប់ដល់អ្នកយកព័ត៌មាននៅការិយាល័យរបស់គាត់ក្នុងទីក្រុងហ្សាការតាថា បច្ចុប្បន្ននេះចំនួនជ្រូកដែលឆ្លងជំងឺនេះគឺមិនខ្ពស់ពេកទេ ប៉ុន្តែវាបានប៉ះពាល់ដល់ការនាំចេញរបស់យើងច្រើនណាស់ ដោយសារតែជ្រូករស់ និងសាច់ជ្រូកភាគច្រើនដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ធ្វើការនាំចេញ ។

ជំងឺនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែជ្រូកឆ្លងខ្លាំង និងស្លាប់ដោយសារតែគ្មានថ្នាំព្យាបាល ។

លោក Limpo បានបង្ហាញថា ការផ្ទុះឡើងត្រូវបានរាយការណ៍នៅក្នុងខេត្ត Luwu Timur និងតំបន់ Gowa ក្នុងខេត្ត South Sulawesi និងនៅក្នុងខេត្ត Riau Islands ។

ទិន្នន័យពីនាយកដ្ឋានកសិកម្ម និងសន្តិសុខស្បៀងនៃខេត្ត Luwu Timur បានបង្ហាញថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា សត្វជ្រូកជាង១៧.១០០ក្បាល ឬជិតពាក់កណ្តាលនៃជ្រូកសរុបចំនួន៣៨.៥៥៦ក្បាលនៅក្នុងតំបន់បានងាប់ដោយសារជំងឺនេះ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។

ប្រទេសសិង្ហបុរី ដែលជាទីផ្សារដ៏ធំបំផុតនៃការនាំចេញជ្រូកពីតំបន់ Pulau Bulan របស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ឈប់ការនាំចូលជ្រូករស់ពីតំបន់នេះ ចាប់តាំងពីថ្ងៃទី២៣ ខែមេសា បន្ទាប់ពីទីភ្នាក់ងារអាហារសិង្ហបុរី ហៅកាត់ថា (SFA) បានរកឃើញជំងឺនៅក្នុងពេលដឹកជញ្ជូនសត្វជ្រូក ។

ជាលទ្ធផល តម្លៃនៃការនាំចេញជ្រូករបស់ប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេសសិង្ហបុរី នៅក្នុងខែមេសាបានធ្លាក់ចុះមកត្រឹមតែ២.៨៥លានដុល្លារប៉ុណ្ណោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top