ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រារព្ធទិវាជាតិនៃការចងចាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ ២០ឧសភាឆ្នាំនេះ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន អនុប្រធានប្រចាំការ គណបក្សរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការនិងប្រជាជនចំនួន ៦.០០០នាក់ ។​​

​លោក​ ឃួង​ ស្រេង​ បានថ្លែងថា ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាជនកម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៏ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។

លោក​ ឃួង​ ស្រេង​ បានឱ្យដឹងទៀតថា
ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិ លើសាកលលោកកុំភ្លេច របបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅ និងគួរឧ្យស្អប់ខ្ពើមនេះ។

លោក​ឃួង​ ស្រេង​ បញ្ជាក់ថា​គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៏ នេះកើតឡើងជាលើកទី២ នៅលើទឹកដីកម្ពុជា​៕

To Top