ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ចេញ​ការ​ព្រមាន​ ទៅលោក​ខាង​លិច ​ជុំវិញសេណារីយ៉ូ​ កើនឡើងនៃផ្គត់ផ្គង់​ យន្តហោះចម្បាំង F-16

ម៉ូស្គូ៖ រុស្ស៊ី បានព្រមានថា ការផ្គត់ផ្គង់យន្តហោះ F-16 របស់លោកខាងលិចដល់អ៊ុយក្រែន បង្ហាញពី “ហានិភ័យដ៏ធំ” បន្ទាប់ពីមានការប្រកាសថា សហរដ្ឋអាមេរិក បានយល់ព្រមថា ទីក្រុងគៀវ អាចទទួលបានយន្តហោះ ដែលខ្លួនបានអំពាវនាវជាយូរមកហើយ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងព័ត៌មានដែលថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន និងជួយដល់ការហ្វឹកហាត់។

លោកបានលើកឡើងថា “យើងឃើញថា ប្រទេសលោកខាងលិច នៅតែប្រកាន់ខ្ជាប់នូវសេណារីយ៉ូការកើនឡើង” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tass ។

អនុរដ្ឋមន្ត្រីបានបន្ថែមថា “វាពាក់ព័ន្ធនឹងហានិភ័យដ៏ធំសម្បើម សម្រាប់ខ្លួនគេ។ ក្នុងករណីណាក៏ដោយ វានឹងត្រូវយកមកពិចារណានៅក្នុងផែនការរបស់យើងទាំងអស់ ហើយយើងមានមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់”។

ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា អ៊ុយក្រែន អាចទទួលបានយន្តហោះ ដែលខ្លួនចង់បាន ទោះបីជាមិនមែនដោយផ្ទាល់ពីសហរដ្ឋអាមេរិក ក៏ដោយ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយពីសេតវិមានបន្ទាប់ពីការបដិសេធពីមុនរបស់ប្រធានាធិបតីលោក ចូ បៃដិន ចំពោះការស្នើសុំរបស់អ៊ុយក្រែន សម្រាប់យន្តហោះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមជៀសវាងការកើនឡើងទៅជាជម្លោះដោយផ្ទាល់ជាមួយ ទីក្រុងម៉ូស្គូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top