ព័ត៌មានជាតិ

សម្តេចតេជោ ៖ «ហូមអ៊ីនធើណេត» សេវាអន់ជាងគេបំផុតនៅកម្ពុជា ខណៈសម្តេចរំលឹក ឲ្យម្ចាស់បុរីពិនិត្យសេវាឡើងវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចំៗឈ្មោះក្រុមហ៊ុនតែម្តង ក្នុងបង្កើតប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជាដែលមានសេវាអន់ជាងគេគឺ «ហូមអ៊ីនធើណេត» ជាពិសេសបុគ្គលិកតែម្តង បើធៀបនឹងក្រុមហ៊ុនអ៊ីនធើណេតផ្សេង ។

ជាមួយនឹងការរិះគន់លើសេវាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេតឈ្មោះ «ហូមអ៊ីនធើណេត»នេះ សម្តេចក៏មិនភ្លេចដាស់តឿនដល់ម្ចាស់បុរីនានាត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ ព្រោះនៅតាមបុរីសេវានៅតែខ្សោយ។ នេះជាការថ្លែងចេញពីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃ២៤ ឧសភា ។

សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់បុរីទាំងអស់ដែលជាអ្នករកស៊ីត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ ។ មន្ត្រីយើងបានរស់នៅក្នុងបុរី ហើយសេវាទូរស័ព្ទខ្សោយ សេវាអ៊ីនធើណេតខ្សោយ ធ្វើការអីកើត ។ ខ្ញុំចង់ចង្អុលបង្ហាញថា ក្រុមហ៊ុនអ៊ីនធើណេតដែលអន់ជាងគេនៅស្រុកខ្មែរ គឺឈ្មោះ «ហូមអ៊ីនធើណេត» ដែលមានសេវាអន់មហាអន់»

សម្តេចតេជោបានប្រកាសជាសាធារណៈតែម្តងថា ក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍ត្រូវចុះមើលក្រុមហ៊ុនហ្នឹងផង។ ការលើកប្រកាសនេះ ដោយសារសម្តេចបានជួបមន្រ្តី៣នាក់ដែលសម្តេចទាក់ទងឬបញ្ជូនសារទៅហើយពិបាក ដោយបញ្ជូនចេញទៅ ប៉ុន្តែភាគីម្ខាងទៀតទទួលមិនបាន។

សម្តេចលើកឡើងថា ការបញ្ជូនពីម្ខាងទៀតមិនមក ដោយសារអ៊ីនធើណេតខ្សោយ។ សូមប្រាប់ទៅម្ចាស់ឬថៅកែ«ហូមអ៊ីនធើណេត»ថាបុគ្គលិករបស់ខ្លួនរឹកធំគ្មានគូប្រៀបដូច ដោយសារហៅមកមើលថាថ្ងៃនេះ ថ្ងៃនោះ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានប្រកាសចង់ជួបម្ចាស់ ឬថៅកែ «ហូមអ៊ីនធើណេត»ផងដែរ។ សម្តេចបញ្ជាក់ថា «អាហូមអ៊ីនធើណេតនេះមិនដឹងម្ចាស់វានៅណា? ខ្ញុំចង់ស្គាល់ម្ចាស់វាតិចបានអន់ទាំងល្បឿនអ៊ីនធើណេត និងសេវាគេហៅទៅជួសជុលវាមិនទៅ ។ អីចឹងបុគ្គលិករបស់អ្នកឯងធ្វើការវាយ៉ាងម៉េ? អីចឹងសូមម្ចាស់ក្រុមហ៊ុនសេវាអ៊ីនធើណេតនានាដឹងឥឡូវហ្នឹងគេធ្វើការតាមឌីជីថលណា»

សម្តេចក៏រំលឹកដល់ឲ្យក្រសួងប្រៃសណីយ៍ ធ្វើការត្រួតពិនិត្យប្រព័ន្ធអ៊ីនធើណេតឡើងវិញទាំងអស់ ដោយឲ្យគេធ្វើការទាញអ៊ីនធើណេតណាអាចប្រើបាននៅតាមបុរី។

សម្តេចតេជោ ក៏បានលើកឡើងទៀតថា សម្រាប់សម្តេចមិនអាចអត់អ៊ីធើណេតបានទេ តែបើអត់បាយអត់បាន ហើយមន្ត្រីដែលធ្វើការជាមួយសម្តេចភាគច្រើនរស់នៅតាមបុរី ។ សម្តេចថា ម្ចាស់សេវាអ៊ីនធើណេតប្រកាសផ្តាច់មុខតែម្នាក់ឯងនៅក្នុងបុរី ខណៈច្បាប់មិនអនុញ្ញាតឲ្យមានការប្រើផ្តាច់មុខទេ។

សម្តេចតេជោថា «អីចឹងទេ ខ្ញុំសូមរំលឹកទាំងម្ចាស់ប្រព័ន្ធអ៊ីនធើណេតដែលលក់អ៊ីនធើណេត ទាំងម្ចាស់បុរីនានា សូមយកវិធានការដែលក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ដាក់ចេញ ហើយសូមបណ្តាញអ៊ីនធើណេតតម្លើងអង់តែនឲ្យបានច្រើន»

To Top