ព័ត៌មានជាតិ

លោក ខៀវ សុភ័គ ៖ កម្ពុជាមានសន្ដិភាពហើយ តែអ្វីត្រូវធ្វើបន្ដ គឺរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ

ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានបា្រប់សមត្ថកិច្ចថា កម្ពុជាបច្ចុប្បន្នមាន សុខសន្ដិភាពពេញលេញហើយ ប៉ុន្តែអ្វីដែលអាជ្ញាធរ ត្រូវធ្វើបន្ដទៀតនោះ គឺរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ។

នាឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាថ្ងៃ២៦ ឧសភា លោក ខៀវ សុភ័គ បានថ្លែងថា កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានទូលំទូលាយ និងដើម្បីគៀងគរការ ចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខខុមាលភាព សេវាសាធារណៈ និង ទប់ស្កាត់គ្រោះមហន្ដរាយ ព្រមទាំងការឆ្លងរាលដាល នៃជំងឺកាចសាហាវផ្សេងៗ ។

លោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា «យើងមានសន្ដិភាពហើយ យើងត្រូវធ្វើអ្វីបន្ដទៀត គឺសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អាហ្នឹងបញ្ហាសំខាន់។ បើមានសន្ដិភាព មានចោលលួច ចោលប្លន់ ទៅណាមកណា មិនសប្បាយ គឺមិនល្អទេ ។ អីចឹងហើយបានជា សម្ដេចតេជោ ហ៊ុន សែន បានដាក់គោល នយោបាយ ភូមិ ឃុំ-សង្កាត់មាន សុវត្ថិភាពនេះ ដើម្បីលើកកម្ពស់ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ពេលទូទាំងប្រទេសកម្ពុជា»។
រដ្ឋលេខាធិការ បានលើកឡើងថា ការចាំតាំងអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ បានតម្រូវឲ្យក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយបណ្ដាក្រសួង-ស្ថាប័ន្ធ ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង-សង្កាត់ ក្នុងការចាត់តាំងអនុវត្តនូវគោល នយោបាយឲ្យបានសកម្ម ជាប់ជាប្រចាំទូទាំងប្រទេស៕

To Top