គៀវ៖ លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner Group បានចាប់ផ្តើមការដកថយរបស់ពួកគេពីទីក្រុងបាក់មុតរបស់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
លោក Prigozhin បានធ្វើសេចក្តីប្រកាសនៅក្នុងវីដេអូមួយ នៅលើបណ្តាញ Telegram នៃសេវាកម្មសារព័ត៌មានរបស់លោក។ លោកបានលើកឡើងថា កងទ័ពរបស់លោក នឹងដកចេញទាំងស្រុងពីបាក់មុតនៅថ្ងៃទី០១ ខែមិថុនា ហើយផ្តល់ផ្លូវទៅអង្គភាពរុស្ស៊ីធម្មតា។
លោកបានលើកឡើងថា “យើងនឹងប្រគល់មុខតំណែង គ្រាប់រំសេវ អ្វីៗទាំងអស់រួមទាំងអាហារស្ងួតទៅឲ្យទាហានរុស្ស៊ី”។យុទ្ធជនរបស់លោក Prigozhin បានចូលរួមក្នុងសមរភូមិបង្ហូរឈាមសម្រាប់ទីក្រុងបាក់មុត ចាប់តាំងពីរដូវក្តៅឆ្នាំ២០២២។ ការដកខ្លួនរបស់ពួកគេ កើតឡើងបន្ទាប់ពីលោក បានចេញវីដេអូដ៏ក្តៅគគុកជាច្រើន ដែលសំដៅលើរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងប្រធានអគ្គសេនាធិការលោក Valery Gerasimov ដោយរិះគន់ពួកគេ ចំពោះការបរាជ័យក្នុងការផ្តល់បន្ថែមទៀតនូវគ្រាប់រំសេវ សម្រាប់យុទ្ធជនរបស់លោក។
លោក Prigozhin បានបន្ដថា បន្ទាប់ពីចាកចេញពីទីក្រុងបាក់មុត អង្គភាព Wagner Group នឹងសម្រាក បំពាក់ និងជ្រើសរើសអ្នកប្រយុទ្ធថ្មី ដោយបន្ថែមថា ឈុតទាហានប៉ារ៉ានឹង “ទទួលបានភារកិច្ចថ្មី” បន្ទាប់ពីរៀបចំក្រុមឡើងវិញ។
លោក Prigozhin បានបន្ថែមថា “ប្រសិនបើវាពិបាក សម្រាប់យោធា ពិតណាស់យើង នឹងចាកចេញពីអ្នក ដែលមានតួនាទីសំខាន់ក្នុងការវាយយក និងកាន់កាប់ទីក្រុងបាក់មុត” ។
ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បាននិឲ្យដឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ទីក្រុងបាក់មុត ដែលជាទីក្រុងឧស្សាហកម្មតូចមួយនៅក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានធ្លាក់ទៅកងកម្លាំងរបស់លោក ប៉ុន្កែអ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Serhiy Cherevaty កាលពីថ្ងៃអង្គារបានបដិសេធការអះអាងនោះ៕