ព័ត៌មានអន្តរជាតិ

តុលាការអាល្លឺម៉ង់ថា ប៉ូលិស​ដែលឆ្មក់​ ចូល​បង្ក្រាបទៅលើ ទ្រព្យ​សម្បត្តិ​មហាសេដ្ឋី​រុស្ស៊ី គឺ​ខុស​ច្បាប់

បរទេស៖ កាសែត Der Spiegel បានផ្សាយកាលពីថ្ងៃសុក្រថា តុលាការក្នុងតំបន់អាល្លឺម៉ង់មួយនៅទីក្រុង Frankfurt បានប្រកាសពីការវាយឆ្មក់របស់ ប៉ូលីសកាលពីឆ្នាំមុនទៅលើ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី Alisher Usmanov ដោយខុសច្បាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការអនុវត្តច្បាប់របស់ប្រទេសនេះ (អាល្លឺម៉ង់) បានស្វែងរកផ្ទះវីឡា និងអាផាតមិន ជាច្រើន ព្រមទាំងនាវាទំនើប ‘Dilbar’ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយពាណិជ្ជកររុស្ស៊ី នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ ដែលជាផ្នែកនៃករណីលាងលុយកខ្វក់ ការគេចពន្ធ និងករណីបំពានទណ្ឌកម្ម។

តុលាការ​បាន​សម្រេច​ថា ការ​សង្ស័យ​ពី​ការ​លាង​លុយ​ដំបូង មិន​គ្រប់គ្រាន់​ក្នុង​ការ​ទទួលបាន ដីការឆែកឆេរ​នៅ​កន្លែង​ដំបូង​របស់ Usmanov នោះទេ។ ចៅក្រមក៏បានចង្អុលបង្ហាញអំពី “កង្វះខាតធ្ងន់ធ្ងរ” មួយចំនួននៅក្នុងដីកាស្វែងរក ដែលស្នើសុំដោយ ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុង Frankfurt នៅពេលនោះ។

តុលាការបានប្រកាសថា ការសង្ស័យប្រឆាំងនឹង Usmanov គឺផ្អែកលើការចោទប្រកាន់ដែល មិនច្បាស់លាស់ទាល់តែសោះ។ ការសន្មត់ថា ទ្រព្យសម្បត្តិរបស់គាត់ (Usmanov) ដែលមានតម្លៃរាប់ពាន់លានដុល្លារ គឺជាលទ្ធផលនៃ “ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅក្នុងប្រទេសរុស្ស៊ី” រួមជាមួយនឹងឯកសារយោងមួយចំនួន ចំពោះការអនុវត្តអាជីវកម្មដែលមានស្រមោល និងក្រុមហ៊ុននៅឯនាយសមុទ្រ គឺមិនគ្រប់គ្រាន់នោះទេ។

ចៅក្រមក៏បានរិះគន់ផងដែរ ចំពោះការពិតដែលថា អ្នកស៊ើបអង្កេតអាល្លឺម៉ង់ ពឹងផ្អែកយ៉ាងខ្លាំងលើវីដេអូ YouTube របស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexey Navalny ចាប់តាំងពីការអនុវត្តច្បាប់របស់ អាល្លឺម៉ង់ត្រូវបានគេរាយការណ៍ថា មិនបានបង្ហាញពីភស្តុតាងណាមួយនៃ ការអនុវត្តអាជីវកម្មមិនសមរម្យរបស់ Usmanov ក្រៅពីអ្វីដែលបានលើកឡើងនៅក្នុងវីដេអូ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top