ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សារភាព​ថា ខ្លួនពិតជាមាន​ ជាប់​ពាក់ព័ន្ធ​នឹង​ ការ​បំផ្ទុះ​ស្ពាន​គ្រីមៀ ក្នុង​ឆ្នាំ​២០២២

គៀវ៖ សេវាសន្តិសុខអ៊ុយក្រែន (SSU) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុវត្ត “វិធានការជាក់លាក់” ដែលភ្ជាប់ទៅនឹងការបំផ្ទុះ នៅលើស្ពានគ្រីមៀ ក្នុងខែតុលា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Vasyl Malyuk ប្រធាន SSU  តាម​ការ​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារថា “យោងទៅតាមច្បាប់របស់យើង ច្បាប់អន្តរជាតិ និងទំនៀមទម្លាប់ និងប្រពៃណីនៃសង្គ្រាម ដោយគិតគូរពីការពិតដែលថា វាជាផ្លូវដឹកជញ្ជូន ដែលយើងមានកាតព្វកិច្ចកាត់ផ្តាច់សត្រូវ ហើយវិធានការមួយចំនួនត្រូវបានគេអនុវត្ត”។

លោក Malyuk បានលើកឡើងថា នៅតែវាលឿនពេកក្នុងការបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃ “ប្រតិបត្តិការពិសេស”។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានការផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពានគ្រីមៀ ចម្ងាយ ១៩គីឡូម៉ែត្រ ដែលមានផ្លូវស្របគ្នាពីរសម្រាប់រថយន្ត និងរថភ្លើងឆ្លងកាត់ច្រក Kerch ។

ឡានដឹកទំនិញមួយបានផ្ទុះនៅលើស្ពានផ្លូវ ដែលបណ្តាលឱ្យធុងសាំងចំនួន ៧សាទេន នៃរថភ្លើងដែលធ្វើដំណើរទៅកាន់ឧបទ្វីបគ្រីមៀ ត្រូវភ្លើងឆេះ ហើយក្នុងនោះមានមនុស្ស ៣នាក់​បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​នេះ ដែល​នាំ​ឱ្យ​បាក់​ផ្នែក​ខ្លះ​នៃ​ស្ពាន​ចំនួនពីរ​កន្លែង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top