បរទេស៖ ឧបនាយករដ្ឋមន្រ្ដីម្នាក់របស់ថៃ បាននិយាយថា អនាគតនយោបាយ ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ក្រោមការចោទប្រកាន់ថា លោកកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Wissanu Krea-ngam បាននិយាយថា វានៅតែមិនច្បាស់ថាតើ EC ឬតុលាការនឹងធ្វើការសម្រេចចិត្តរបស់ពួកគេ មុនពេលសភាកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។ លោក Wissanu គឺជាអ្នកជំនាញផ្នែកច្បាប់របស់រដ្ឋាភិបាលដែលជិតផុតអាណត្តិ។
លោក Pita គឺជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្ស Move Forward ដែលបានឈ្នះចំនួនច្រើនជាងគេ ឬ ១៥១អាសនៈ ក្នុងចំណោម ៥០០ អាសនៈ។ តាមទម្លាប់ លោក Pita អាចបង្កើតរដ្ឋាភិបាលចម្រុះដោយស្របច្បាប់ និងប្រកួតប្រជែងសម្រាប់តំណែងនាយករដ្ឋមន្ត្រី។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍នយោបាយមួយចំនួនជឿថា លោកប្រឈមនឹងភាពមិនច្បាស់លាស់នៅពេលនេះ ដែលលោក Ruangkrai Leekitwattana បានពណ៌នាខ្លួនឯងថាជាសកម្មជននោះ គឺ បានដាក់ពាក្យបណ្តឹងទៅកាន់ EC កាលពីថ្ងៃទី ៩ ខែឧសភា ដោយអះអាងថា លោក Pita កាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV Plc ។
លោក Pita បានច្រានចោលពាក្យបណ្តឹងនេះថា “មិនសំខាន់” ។
លោក Ruangkrai បាននិយាយថា មាត្រា៩៨ (៣) នៃរដ្ឋធម្មនុញ្ញ គឺបានហាមប្រាមម្ចាស់ ឬម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ មិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតជាតិ។
នៅថ្ងៃទី២៤ ខែឧសភា លោក Ruangkrai បានដាក់ឯកសារបន្ថែមទៀតទៅកាន់ EC រួមទាំងបញ្ជីម្ចាស់ភាគហ៊ុនរបស់ ITV និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងរយៈពេល ១៨ឆ្នាំកន្លងមក។
យោងតាមពេលវេលាកំណត់ដោយលោក Wissanu, ការបោះឆ្នោតរួមគ្នាដោយសមាជិកសភា និងព្រឹទ្ធសមាជិក ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី អាចប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែសីហា៕
ប្រែសម្រួលៈ ណៃ តុលា