ប៉េកាំង៖ គណៈប្រតិភូចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តឯកតោភាគីរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីហ្វូគូស៊ីម៉ាទៅក្នុងសមុទ្រ នៅពេលចូលរួមការពិភាក្សាពាក់ព័ន្ធនៅឯសន្និបាតសុខភាពពិភពលោកលើកទី៧៦។
ប្រតិភូបានឲ្យដឹងថា ដោយសារមានចរន្តទឹកខ្លាំងនៅតាមឆ្នេរសមុទ្ររបស់ ហ្វូគូស៊ីម៉ា សារធាតុ radionuclides នឹងរាលដាលដល់ទឹកទូទាំងពិភពលោកក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីការរំសាយចេញ ប្រតិភូរូបនេះបានលើកឡើងថា ការផ្លាស់ប្តូរនេះ គឺដើម្បីផ្លាស់ប្តូរហានិភ័យដល់មនុស្សជាតិទាំងអស់ ហើយមិនមែនជាបញ្ហាឯកជនរបស់ប្រទេសជប៉ុននោះទេ ប៉ុន្តែជាបញ្ហាសំខាន់ ប៉ះពាល់ដល់សុខភាពសាធារណៈពិភពលោក។
ដោយកត់សម្គាល់ប្រទេស និងភាគីពាក់ព័ន្ធជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង គណៈប្រតិភូបានជំរុញឱ្យប្រទេសជប៉ុនកុំឱ្យបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរជាឯកតោភាគី មុនពេលឈានដល់កិច្ចព្រមព្រៀងជាមួយភាគីទាំងអស់។
ឆ្លើយតបទៅនឹងការការពាររបស់ប្រតិភូជប៉ុន ភាគីចិនបានឲ្យដឹងថា ការការពារអាចសន្និដ្ឋានបានថា “គុណភាពទឹកមិនមានជាតិពុល ហើយការបញ្ចេញទឹក គឺសមហេតុផល” ប៉ុន្តែអ្វីដែលភាគីជប៉ុនបាននិយាយគឺ មិនអាចទទួលយកបានទាំងស្រុង ហើយពួកគេត្រូវតែផ្តល់ចម្លើយដ៏គួរឱ្យជឿជាក់ទៅនឹងសំណួរជាបន្តបន្ទាប់។
ប្រតិភូចិន បានលើកសំណួរ ប្រសិនបើទឹកកខ្វក់នុយក្លេអ៊ែរមានសុវត្ថិភាព ហេតុអ្វីជប៉ុនខ្លួនឯងមិនប្រើប្រាស់ទឹក? ហេតុអ្វីមិនប្រើប្រាស់ទឹកសម្រាប់កសិកម្ម និងផលិតកម្មក្នុងស្រុក ឬបញ្ចេញទៅក្នុងបឹងក្នុងស្រុក? តើការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលសមុទ្រជាដំណោះស្រាយ ដែលអាចធ្វើទៅបានតែមួយគត់ឬ? តើការបញ្ចេញទឹកបែបនេះនឹងមានឥទ្ធិពលបែបណាទៅលើពិភពលោក?
នៅពេលនិយាយអំពីការបញ្ចេញទឹក ដែលបំពុលដោយនុយក្លេអ៊ែរ ប្រតិភូចិន បានចង្អុលបង្ហាញថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានស្នើផែនការចំនួន៥។ គណៈកម្មាធិការជំនាញរបស់រដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ថា បើប្រៀបធៀបទៅនឹងជម្រើសដូចជាការបំភាយទឹកទៅក្នុងបរិយាកាសតាមរយៈការបំភាយឧស្ម័ន ការសាងសង់ធុងស្តុកទឹកថ្មី និងការធ្វើឱ្យទឹករឹងមាំជាមួយនឹងស៊ីម៉ងត៍ ការហូរចូលទៅក្នុងសមុទ្រគឺជាជម្រើសថោកបំផុតដែលមានហានិភ័យអប្បបរមានៃការបំពុលដល់ប្រទេសជប៉ុន៕ប្រែសម្រួល ឈូក បូរ៉ា