ព័ត៌មានជាតិ

អ្នកនាំពាក្យគ.ជ.ប ៖ ការបោះឆ្នោត គ្រោងបោះពុម្ពសន្លឹក ឆ្នោតជាង ១៣លាន

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រ កាន់តែជិតមកដល់ហើយ ពោលគឺនៅសល់តែ១ខែ២៣ថ្ងៃទៀត ដល់ថ្ងៃ២៣កក្កដា ដែលជាថ្ងៃបោះឆ្នោត អ្វីដែលសំខាន់នោះគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១មិថុនា ។

លោកបន្តថា ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ នឹងបញ្ជូនទៅប្រើប្រាស់នៅតាមការិយាល័ យបោះឆ្នោតនៅទូទាំងប្រទេសជាង១១លានសន្លឹកឆ្នោត និងបម្រុងទុកជាង១លាន២សែនសន្លឹក។

អ្នកនាំពាក្យក៏បានឲ្យដឹងថាគ.ជ.បបានបញ្ចូល សន្លឹកឆ្នោតទៅកាន់រោងពុម្ពរួចហើយ។ លោកបញ្ជាក់ថា«សូមជម្រាបថាពាក់ព័ន្ធនឹងការបោះពុម្ភសន្លឹកឆ្នោតយើងបានបញ្ជូនទៅដល់រោងពុម្ពហើយ ហើយដំណើរការបោះពុម្ភអាចរៀបចំចាប់ផ្តើមរោងពុម្ពថ្ងៃនេះទៅហើយ គ.ជ.បនឹងប្រកាសប្រាប់ដល់ភាគីពាក់ព័ន្ធ»។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានអះអាងថាគ.ជ.បនឹងដាក់អ្នកយាមកាម និងឃ្លាំមើលចំពោះដំណើរការបោះពុម្ពផងដែរ។

សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ដ្រីបញ្ជាក់កាលពីថ្ងៃទី៣១ឧសភាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយ ឬពីរគណបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។

ដោយឡែក គណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។ ចំពោះការចាប់លេខរៀងគណបក្សនយោបាយទាំង១៨នោះ គណបក្សប្រជនកម្ពុជា បានលេខរៀងទី១៨ ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថាចំនួនប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូងដែលនឹងត្រូវបិទផ្សាយ មានចំនួនជាង៩,៧លាននាក់ និងប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោតមានចំនួនជាង ២៧០.០០០នាក់។ គ.ជ.បធ្លាប់បញ្ជាក់ថា ក្នុងទិន្នន័យនៃលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចំនួនឈ្មោះដែលមាននៅក្នុងបញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយ មានចំនួន ៩.៧១០.៦៤៥នាក់ ក្នុងនោះស្រីចំនួន ៥.១៦១.៩០៦នាក់ និងការិយាល័យបោះឆ្នោតទូទាំងប្រទេសមានចំនួន ២៣.៧៨៩ ការិយាល័យ។ សម្រាប់អ្នកផ្លាស់ចេញ អ្នកស្លាប់ និងឈ្មោះស្ទួន និងអ្នកដែលត្រូវដកហូតសិទ្ធិ ចេញពីបញ្ជីបោះឆ្នោតមានចំនួន ២៧១.១៤២នាក់៕

To Top