ភ្នំពេញ៖ អ្នកថតរូបជើងយូរនៃប្រទេសកម្ពុជា លោក ម៉ក់ រ៉េមីស្សាបានបង្ហាញនូវអារម្មណ៍ជាអនេក កាលបើត្រូវបានលោកឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet បំពាក់មេដាយ អស្សរិយយស ថ្នាក់អស្សឬទ្ធិផ្នែកសិល្បៈ និងអក្សរសាស្ត្រ ពីក្រសួងវប្បធម៌បារាំង នាស្ថានទូតបារាំង នាពេលថ្មីៗនេះ។
លោក ម៉ក់ រ៉េមីស្សា បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលមេដាយ ដ៏មានកិត្តិយសពីក្រសួងវប្បធម៌ នៃប្រទេសបារាំង ដែលបានទទួលស្គាល់និងវាយតំលៃខ្ពស់ ចំពោះស្នាដៃរូបថតរបស់ខ្ញុំ និងរាល់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលទាក់ទងទៅ និងវិស័យសិល្បៈនៃការថតរូប”។
លោក បន្តថា “មេដាយនេះគឺជាសក្ខីភាពមួយ បញ្ជាក់នូវគុណតម្លៃនិងមានអត្ថន័យដ៏ធំធេងចំពោះរូបខ្ញុំ ក្នុងនាមជាសិល្បករម្នាក់នៃប្រទេសកម្ពុជាដែលសាកសមទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់នេះពីសាធារណរដ្ឋបារាំង។ មេដាយនេះគឺជាការលើកទឹកចិត្តមួយដ៏មានសារសំខាន់ ចំពោះរូបខ្ញុំក៏ដូចជានិមិត្តរូប ដ៏ល្អសម្រាប់ សិល្បករកម្ពុជា”។
មិនតែប៉ុណ្ណោះ លោក ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះ ក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង សម្រាប់ការទទួលស្គាល់ និងលើកទឹកចិត្តចំពោះរូបលោក។
លោក ក៏សូមឧទិ្ទសមេដាយដ៏មានកិត្តិយសនេះ ជូនចំពោះជនរួមជាតិកម្ពុជាទាំងមូលផងដែរ និងដឹងគុណជូនចំពោះលោកគ្រូ Thierry Diwo ដែលបានបង្រៀនលោក អោយចេះថតរូប ជាលើកដំបូងនៅអំឡុងឆ្នាំ១៩៩៣-១៩៩៦, លោកគ្រូ Christian Caujolle បង្រៀន អោយចេះបង្កើតស្នាដៃរូបថត និងលោកគ្រូ Eddie Bissell បង្រៀន អោយចេះថតរូបសារពត៌មាន។
លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet បានបំពាក់គ្រឿងឥស្សរិយយសដល់សិល្បករថតរូបខ្មែរ លោក ម៉ក់ រ៉េមីស្សា ដែលស្នាដៃរបស់គាត់ ត្រូវបានទទួលស្គាល់ជាឯកច្ឆន្ទលើឆាកអន្តរជាតិ។
មេដាយសិល្បៈ និងអក្សរសាស្រ្ត ថ្នាក់អស្សប្ញទ្ធិនេះ គឺជាការឧទ្ទិសដល់ការងារថតរូបរយៈពេល២៥ឆ្នាំ ប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈសិល្បៈដ៏ល្អកម្រមាន ព្រមទាំងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា៕