ព័ត៌មានអន្តរជាតិ

សហព័ន្ធដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ ជំរុញឱ្យគណបក្ស Move Forward លុបបំបាត់ការសូកប៉ាន់នៅក្នុងវិស័យដឹកជញ្ជូន

បរទេស៖ ប្រតិបត្តិកររថយន្តដឹកទំនិញកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យគណបក្ស Move Forward (MFP) លុបបំបាត់ការសូកប៉ាន់នៅក្នុងវិស័យដឹកជញ្ជូនដោយនិយាយថា ការសូកប៉ាន់នេះកើតមានប្រហែល ២ទសវត្សរ៍មកហើយ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានសហព័ន្ធដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ (ITFT) លោក អាពីឆាត ប្រាយរុងរួង (Apichart Prairungruang) កាលពីថ្ងៃព្រហស្បតិ៍បានដឹកនាំតំណាងចំនួន ៣០ មកពីក្រុមហ៊ុនដឹកជញ្ជូនក្នុងការដាក់ញត្តិទៅកាន់សមាជិកសភាដែលជាប់ឆ្នោតនៃគណបក្ស Move Forward លោក វីរ៉យ ឡាក់ខាន់ណាឌីសន (Wiroj Lakkhanaadisorn) ដោយអំពាវនាវឱ្យគណបក្សធ្វើសកម្មភាពឱ្យបានឆាប់រហ័សដើម្បីបញ្ចប់របរទុច្ចរិតនេះ។

យោង​តាម​លោក អាពីឆាត គឺមានការ​ផ្តល់​លុយទឹកតែដល់​ប៉ូលិស​ផ្លូវ​ជាតិ​បន្ថែម​លើ​ថ្លៃ​ប្រតិបត្តិការ​របស់​ពួកគេ។ លោកបាននិយាយថា សមាជិក សហព័ន្ធដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ បានព្យាយាមលើកបញ្ហានេះកាលពីអតីតកាលមកដែរ ប៉ុន្តែពួកគេត្រូវបានរងការគំរាមកំហែងជំនួសវិញ។

ក្នុងចំណោមប្រតិបត្តិករឡានដឹកទំនិញចំនួន ១,៥លាននាក់ដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (DLT) ខាងសហព័ន្ធដឹកជញ្ជូនផ្លូវគោក បានប៉ាន់ប្រមាណថា មានប្រហែល ២០០ ០០០ នាក់ប បានបង់ប្រាក់សំណូកជាទៀងទាត់ ដូច្នេះឡានដឹកទំនិញរបស់ពួកគេអាចផ្ទុកលើសពីដែនកំណត់ច្បាប់បាន។

លោក​បាន​និយាយ​ថា សំណូក​មាន​ចាប់ពី ៣ ០០០ បាត ទៅ ១៥ ០០០ បាត អាស្រ័យ​លើ​ចំនួន​ផ្ទុក​ដែល​ប្រតិបត្តិករ​ចង់​ដាក់​លើ​ឡានពួកគេ។ លោក​បាន​បន្ថែម​ថា អ្នក​ដែល​បាន​ចំណាយ​សម្រាប់​កញ្ចប់ “បន្ថែម” គឺអាច​ដឹកបន្ថែមបាន​ដោយ​គ្មាន​ការ​កំណត់​ទម្ងន់។

លោក អាពីឆាត បាននិយាយថា យុទ្ធនាការរបស់គណបក្ស Move Forward ប្រឆាំងនឹងការសូកប៉ាន់បានផ្តល់ឱ្យសហព័ន្ធនូវក្តីសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយយ៉ាងម៉ឺងមាត់ជាក់ជាមិនខាន៕ប្រែសម្រួលៈ ណៃ តុលា

To Top