ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងទាក់ទាញ​ឥណ្ឌា​ ឲ្យ​ចូល​រួមជាមួយ NATO Plus ដែលនឹងប៉ះពាល់​ដល់​ស្វ័យភាព​ យុទ្ធសាស្ត្រ​របស់​ទីក្រុងញូវដេលី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញប្រទេសឥណ្ឌា នៅមុនដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយប្រេសិតរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា នាពេលថ្មីៗនេះបានសាទរទីក្រុងញូវដេលី ជា “សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់វ៉ាស៊ីនតោន” ហើយថាឥណ្ឌា គួរតែសម្រេចចិត្តថាតើត្រូវចូលរួមជាមួយណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬយ៉ាងណា។ លើសពីនេះ ទន្ទឹមនឹងការគូសបញ្ជាក់ពីតម្រូវការក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

អ្នកជំនាញបានឲ្យដឹងថា ការបំភាន់របស់សហរដ្ឋអាមេរិក ចំពោះបញ្ហានេះគឺអំពីការបង្កើតបរិយាកាស មតិសាធារណៈអំណោយផល សម្រាប់ស្ថាបត្យកម្មសន្តិសុខ “ឥណ្ឌូប៉ាស៊ីហ្វិក” របស់ខ្លួន។ អ្នកជំនាញបានបន្ដថា ទោះបីជាឥរិយាបទផ្លូវការរបស់ឥណ្ឌា ចំពោះសមាជិកភាព NATO Plus នៅតែមិនទាន់ដឹងក៏ដោយ ប្រសិនបើឥណ្ឌា ជ្រើសរើសដោយឥតប្រាជ្ញាក្នុងការងាកទៅរក NATO ហើយវានឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ស្វ័យភាព ជាយុទ្ធសាស្ត្ររបស់ទីក្រុងញូវដេលី ស្ថានភាពអន្តរជាតិ និងទំនាក់ទំនងជាមួយប្រទេសជិតខាង។

នៅក្នុងបទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា WION កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសឥណ្ឌា លោក Eric Garcetti បានលើកឡើងថា “អ្វីៗគឺនៅលើតុ” នៅពេលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើរបាយការណ៍ ដែលលើកឡើងថា គណៈកម្មាធិការអាមេរិកបានផ្តល់អនុសាសន៍ថា ឥណ្ឌាត្រូវបញ្ចូលទៅក្នុងក្របខ័ណ្ឌអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

លោក Garcetti បានបន្ដថា វាអាស្រ័យលើទីក្រុងញូវដេលី ក្នុងការសម្រេចចិត្តថាតើខ្លួន ចង់ចូលរួមជាមួយណាតូបូក ដោយសង្កត់ធ្ងន់ថា ឥណ្ឌា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត មួយរបស់វ៉ាស៊ីនតោន។ បច្ចុប្បន្ន NATO Plus 5 គឺជាការរៀបចំសន្តិសុខ ដែលប្រមូលផ្តុំសមាជិក NATO និងប្រទេស ដែលជាប់ពាក់ព័ន្ធចំនួន ៥ គឺ អូស្ត្រាលី នូវែលសេឡង់ ជប៉ុន អ៊ីស្រាអែល និងកូរ៉េខាងត្បូង ដើម្បីជំរុញទំនាក់ទំនងការពារជាតិ និងចារកម្ម។

កាលពីថ្ងៃទី២៧ ខែឧសភា គណៈកម្មាធិការសភាអាមេរិក បានអនុម័តសំណើគោលនយោបាយមួយ ដើម្បីរួមបញ្ចូលឥណ្ឌានៅក្នុងអង្គការណាតូបូក ដើម្បី “រារាំងការឈ្លានពានរបស់ចិន” លើសំណួរតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។

លោក Qian Feng ប្រធាននាយកដ្ឋានស្រាវជ្រាវនៅវិទ្យាស្ថានយុទ្ធសាស្ត្រជាតិនៃសាកលវិទ្យាល័យ Tsinghua បានប្រាប់ Global Times ថា សហរដ្ឋអាមេរិក ចង់ចម្លងគំរូនៃការប្រឈមមុខជា មួយរុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈក្របខ័ណ្ឌអង្គការណាតូ ដើម្បីប្រឆាំងនឹងប្រទេសចិន ដែលសហរដ្ឋអាមេរិក ចាត់ទុកឥណ្ឌា ជាតំណភ្ជាប់ដ៏សំខាន់ ដែលនឹងកំណត់ថាតើ “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់ខ្លួននឹងជោគជ័យឬយ៉ាងណា។

លោក Qian បានកត់សម្គាល់ថា ឥណ្ឌាក៏ចង់ប្រើក្របខណ្ឌ របស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន ហើយក្នុងកម្រិតខ្លះ ឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួនជាមួយចិន។

ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីទាក់ទាញប្រទេសឥណ្ឌា បានកើតឡើងមុនពេល ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី២២ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។

នៅថ្ងៃទី០៥ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នឹងជួបជាមួយសមភាគីឥណ្ឌា លោក Rajnath Singh នៅទីក្រុងញុវដេលី ក្នុងដំណើរទេសចរណ៍ “ឥណ្ឌូប៉ាស៊ីហ្វិក” លើកទី៧ ររបស់គាត់ ដែលជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹង “ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូការពារជាតិ ដ៏សំខាន់របស់អាមេរិក និងឥណ្ឌា”។

លោកបន្ដថា លទ្ធភាពនៃកិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធរបស់ឥណ្ឌាជាមួយណាតូ នាពេលអនាគតមិនអាច ត្រូវបានគេច្រានចោលនោះទេ ប៉ុន្តែសម្រាប់ពេលនេះ ឥណ្ឌាមានការប្រុងប្រយ័ត្ន ចំពោះការរុញច្រានចូលទៅក្នុងការ ប្រឈមមុខដាក់គ្នាដោយ ផ្ទាល់ជាមួយប្រទេសចិន ដោយសហរដ្ឋអាមេរិក បើទោះបីជាទំនាក់ទំនងចិន-ឥណ្ឌា ស្ថិតក្នុងកម្រិតទាបដោយសារតែបញ្ហាព្រំដែន។

អ្នកជំនាញបានកត់សម្គាល់ថា បន្ថែមលើករណីនៃការចុះខ្សោយ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងការបន្តនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ឥណ្ឌាក៏នឹងគិតគូរពីកិច្ចសហប្រតិបត្តិការ រយៈពេលវែងរបស់ខ្លួនជាមួយរុស្ស៊ី និងរក្សាចម្ងាយជាក់លាក់ ជាមួយសហរដ្ឋអាមេរិកផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top