ព័ត៌មានអន្តរជាតិ

មេប៉ូលីសថៃ បញ្ជាឱ្យបង្ក្រាបអ្នកបើកបរ រថយន្តដឹកទំនិញធុនធ្ងន់នៅទូទាំងប្រទេស

បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ថៃគឺ ឧត្តមសេនីយ៍ Damrongsak Kittiprapas បានបញ្ជាឱ្យមន្ត្រីទូទាំងប្រទេសអនុវត្តច្បាប់លើរថយន្តដឹកទំនិញលើសទម្ងន់កំណត់ បន្ទាប់ពីមានព័ត៌មានបានផ្សាយកាលពីសប្តាហ៍មុនថា អ្នកបើកបររថយន្តទាំងនោះបានបង់ប្រាក់ “សំណូក” ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿងអាស្រូវ​សំណូក​ស្ទីគ័រ​ បាន​លេចចេញ​ឡើង​បន្ទាប់​ពី​លោក Wiroj Lakkhanaadisorn សមាជិក​សភា​ក្នុង​បញ្ជី​គណបក្ស Move Forward ដែល​ជាប់​ឆ្នោត​បាន​និយាយ​ថា​ រថយន្ត​ដឹក​លើស​ទម្ងន់​ដែល​មាន​ស្ទីគ័រ​ពិសេស​ មិន​ត្រូវ​បាន​ឃាត់ទុកទេ ហើយ​អ្នកបើកបររថយន្តក៏​មិន​ ត្រូវ​បាន​ចាប់​ខ្លួន​នោះដែរ។

កាលពីម្សិលមិញ លោកឧត្តមសេនីយ៍ Damrongsak បានចុះហត្ថលេខាលើអនុស្សរណៈជាមួយស្នងការរង អគ្គស្នងការ ខាងអធិការកិច្ច និងស្នងការនគរបាលខេត្ត ដើម្បីធានាដល់សាធារណជនថា វិធានការនានាកំពុងត្រូវបានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។

អនុស្សរណៈនេះបាននិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យបន្ថែមទៀតនឹងត្រូវបង្កើតឡើង ដើម្បីចាត់វិធានការប្រឆាំងនឹងរថយន្តដឹកទំនិញលើសទម្ងន់ និងសកម្មភាពខុសច្បាប់ផ្សេងទៀត ដូចជារថយន្តដឹកទំនិញដែលបង្កសំឡេងខ្លាំង ឬបញ្ចេញផ្សែងខ្មៅ។

អនុស្សរណៈ​នេះ​ក៏​បាន​ប្រាប់​មន្ត្រី​កុំ​ឲ្យ​ទទួល​ឬ​សូក​ប៉ាន់​ណា ​មួយ​ពី​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ។ មន្ត្រី​ទាំង​ឡាយណា ដែលត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​ទាំង​ផ្លូវ​ច្បាប់ និង​វិន័យ។

លោក Wiroj និងប្រធានសមាគមដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ នឹងត្រូវបានអញ្ជើញឱ្យចូលដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងបញ្ហានេះនៅសប្តាហ៍ក្រោយនេះ, នេះបើតាម ប្រធានអធិការកិច្ចប៉ូលីសលោក Wissanu Prasartthong-osod បាននិយាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top