ព័ត៌មានជាតិ

បន្តប្រុងប្រយ័ត្ន!​ តំបន់មួយចំនួន នៅកម្ពុជានឹងមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាតំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់លាយឡំ និងបាតុភូតផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន។​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣បានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ក្រសួងលើកឡើងថា លក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។​បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណ ភ្លៀងអាចមានកម្រិតថមថយជាងបន្តិច ។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ​។​អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។

ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ។​ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ ​អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់ ។

ក្រសួងអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

To Top