ព័ត៌មានជាតិ

លោក ហ៊ុល សំអុន អញ្ជើញសម្ពោធសមិទ្ធិផលនានា និងឆ្លងព្រះពុទ្ធបដិមាព្រះអង្គប្រោសសត្វ នៅក្នុងវត្តត្រពាំងក្ទម្ព

ភ្នំពេញ៖នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុល សំអុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកក្រាំកក់ និងជាប្រធានក្រុមការងារ ចុះជួយឃុំត្រពាំងធំខាងត្បូង និងលោកស្រី ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុនបានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យឆ្លងព្រះពុទ្ធបដិមា ព្រះអង្គប្រោសសត្វ និងសម្ពោធសមិទ្ធិផលនានា នៅក្នុងវត្តត្រពាំងក្ទម្ព ស្ថិតនៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូងស្រុកត្រាំកក់ ខេត្តតាកែវ ។

នៅក្នុងពិធីនេះ លោក និងស្រី បានប្រគេន និងជូនសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ និងសមាជិកចូលរួម។ជាមួយគ្នានេះដែរលោកនិងលោកស្រី ព្រមទាំងសមាជិកសមាជិកា នៃអង្គពិធីទាំងអស់បានអញ្ជើញ រាប់បាត្រព្រះសង្ឃចំនួន ៧០អង្គ ជាកិច្ចបង្ហើយបុណ្យ ។

បន្ទាប់ពីចប់កម្មវិធី លោក និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យខួបប្រចាំឆ្នាំ និងបុណ្យផ្ការស្មីសាមគ្គី នៅវត្តជ្រោះតូចបារមីភ្នំដំរីរមៀលពាក់បង្កង់ ស្ថិតនៅក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានប្រគេនបច្ច័យ និងទេយ្យទានមួយចំនួនរួមមាន ថវិកា ៥,០០០,០០០៛ (ប្រាំលានរៀល) , ទឹកសុទ្ធចំនួន ១០កេស និងទឹកផ្លែឈើចំនួន ១០កេស៕

To Top