ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ នាំជនបរទេសចុះពីនាវាទេសចរ Westerdam ដើរទស្សនកិច្ចជុំវិញរាជធានី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជូនជនបរទេស ដែលចុះពីនាវាទេសចរ Westerdam ទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ មុននឹងពួកគេ ត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេសចុះពីនាវា Westerdam ដែលមកសម្រាក នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេ មុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ ។ ការជូនជនបរទសធ្វើទស្សនកិច្ចនេះ ដើម្បីចង់បង្ហាញពីភាពរីកចំរើន របស់រាជធានីភ្នំពេញ។

សូមរំលឹកថា ជនបរទេសទាំងអស់នេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មាន រោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

យោងតាមបញ្ជី អ្នកដំណើរបង្ហាញថា នាវាទេសចរខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរចំនួន ៤១ជាតិសាសន៍ ក្នុងនោះជន ជាតិអាមេរិកច្រើនជាងគេ មានរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិសាសន៍ ដទៃ ក្នុងនោះមានជនជាតិខ្មែរ ដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕ ដោយ៖ ម៉ៅ ដារាត់

To Top