គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានហៅការបំផ្ទុះទំនប់ Kakhovka នៅភាគខាងត្បូងអ៊ុយក្រែនថា ជាទង្វើនៃ “ការបំផ្លិចបំផ្លាញបរិស្ថានដ៏ធំ” ហើយបានអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បែបនេះ នឹងមិនផ្លាស់ប្តូរផែនការរបស់អ៊ុយក្រែន ក្នុងការដណ្តើមយកទឹកដីមកវិញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ីនោះទេ។
ដោយពណ៌នាអំពីការផ្ទុះ ដែលបានបំផ្លាញទំនប់នេះជាទង្វើចេតនា និងវឹកវរដោយរុស្ស៊ី លោក ហ្សេឡិនស្គី បានឲ្យដឹងថា ទំនប់នេះត្រូវបានបំផ្ទុះក្នុងគោលបំណង “ប្រើទឹកជំនន់ជាអាវុធ” ដើម្បីរារាំងកងកម្លាំងអ៊ុយក្រែន។
នៅក្នុងសុន្ទរកថានាពេលរាត្រីរបស់គាត់ទៅកាន់ប្រទេសជាតិ លោក ហ្សេឡិនស្គី បានលើកឡើងថា ទីក្រុងមូស្គូ បានបោះបង់ការគ្រប់គ្រងរបស់ឧបសម្ព័ន្ធគ្រីមៀរបស់រុស្ស៊ី ជាយូរមកហើយ ហើយដូច្នេះបានបំផ្លាញការផ្គត់ផ្គង់ទឹកក្នុងតំបន់។
លោកបានបន្ដថា “ការពិតដែលថា រុស្ស៊ីមានចេតនាបំផ្លាញអាងស្តុកទឹក Kakhovka ដែលមានសារៈសំខាន់ជាពិសេស សម្រាប់ការផ្តល់ទឹកដល់ឧបទ្វីបគ្រីមៀ បង្ហាញថា អ្នកកាន់កាប់រុស្ស៊ី បានដឹងរួចហើយថាពួកគេនឹងត្រូវរត់ចេញពីឧបទ្វីបគ្រីមៀ ផងដែរ” ។
លោក ហ្សេឡិនស្គី បានបន្ដថា “យើងនឹងនៅតែរំដោះទឹកដីរបស់យើងទាំងអស់” ដោយបន្ថែមថា ការបំផ្ទុះទំនប់នឹងមិនរារាំងការបរាជ័យរបស់រុស្ស៊ីនោះទេ ប៉ុន្តែនឹងបន្ថែមទៅលើថ្លៃសំណងក្រោយសង្គ្រាម ដែលទីក្រុងម៉ូស្គូ នឹងត្រូវបង់ឱ្យអ៊ុយក្រែន នៅថ្ងៃណាមួយ។
វិមានក្រឹមឡាំង បានស្តីបន្ទោសអ៊ុយក្រែន ចំពោះការដួលរលំទំនប់វារីអគ្គិសនី កាលពីថ្ងៃអង្គារដោយនិយាយថាទីក្រុងគៀវ បានបំផ្លាញទីតាំងនេះ ដើម្បីបង្វែរការបាញ់ប្រហារដ៏រអាក់រអួល នៃការវាយលុករបស់ខ្លួនដែលទីក្រុងមូស្គូ បានវាយលុករួចហើយ៕
ប្រែសម្រួល ឈូក បូរ៉ា