ព័ត៌មានអន្តរជាតិ

អតីតប្រធាន អង្គការណាតូថា សមាជិកណាតូមួយចំនួន អាចនឹងបញ្ជូន កងទ័ពចូលអ៊ុយក្រែន

បរទេស៖ អតីតអគ្គលេខាធិការអង្គការណាតូ ដែលប្រែក្លាយទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អង់ដ្រេ រ៉ាស្មូសេន (Anders Rasmussen) បានអះអាងថា រដ្ឋសមាជិកមួយចំនួនអាចស្ម័គ្រចិត្តបញ្ជូនទាហានរបស់ពួកគេចូលមកប្រទេសអ៊ុយក្រែន ប្រសិនបើប្រទេសអ៊ុយក្រែន មិនត្រូវបានផ្តល់ការធានាសន្តិសុខលើបញ្ហាជាច្រើននៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រ៉ាស្មូសេន ដែលបានបម្រើការជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀ ហ្សេលេនស្គី និងលោក ផេត្រូ ផូរ៉ូសិនកូ (Petro Poroshenko) បាននិយាយថា រដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រូវបានផ្តល់ការធានាជាលាយលក្ខណ៍អក្សរមុនពេលមេដឹកនាំណាតូជួបប្រជុំគ្នានៅទីក្រុង វីលនើស ប្រទេសលីទុយអានី នៅខែក្រោយ រួមទាំងការចែករំលែកចារកម្មលោកខាងលិច ការផ្ទេរអាវុធ និងការបណ្តុះបណ្តាលយោធារួមគ្នា។

លោកបាននិយាយកាលពីថ្ងៃពុធថា “ប្រសិនបើអង្គការណាតូមិនអាចយល់ស្របលើផ្លូវឆ្ពោះទៅមុខច្បាស់លាស់សម្រាប់អ៊ុយក្រែននោះទេ វាមានលទ្ធភាពច្បាស់លាស់ដែលប្រទេសមួយចំនួនអាចចាត់វិធានការជាលក្ខណៈបុគ្គល” , នេះបើយោងតាមកាសែត The Guardian ។

បន្ទាប់ពីបានធ្វើដំណើរទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជួយបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន លោក រ៉ាស្មូសេន បានអះអាងថា ការដាក់ពង្រាយកងទ័ពបរទេសនឹងក្លាយជាភាពស្របច្បាប់នៅក្រោមច្បាប់អន្តរជាតិ ប្រសិនបើមានការស្នើសុំពីទីក្រុងគៀវ។

ខណៈពេលដែលអគ្គលេខាធិការបច្ចុប្បន្នរបស់អង្គការ ណាតូ លោក ចេន ស្តូលធិន ប៉ើក (Jens Stoltenberg) ថ្មីៗនេះបានបញ្ជាក់ថា ការធានាសន្តិសុខមួយចំនួននឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនោះ លោកបានសង្កត់ធ្ងន់ថា ការធានាពេញលេញអាចត្រូវបានផ្តល់ជូនសម្រាប់តែរដ្ឋជាសមាជិកតែប៉ុណ្ណោះ។ ប្លុកយោធានេះបានសន្យាជាលើកដំបូងថានឹងផ្តល់សមាជិកភាពដល់អ៊ុយក្រែន កាលពីឆ្នាំ ២០០៨ ហើយទីក្រុងគៀវ បានដាក់ពាក្យសុំចូលរួមជាផ្លូវការកាលពីខែកញ្ញាឆ្នាំមុន ប៉ុន្តែមានការរីកចម្រើនតិចតួចលើបញ្ហានេះចាប់តាំងពីពេលនោះមក៕

ប្រែសម្រួលៈ ណៃ តុលា

To Top