ព័ត៌មានអន្តរជាតិ

ជើងហោះហើររាប់រយនៅ អាមេរិកត្រូវពន្យារពេលហោះហើរ ដោយសារតែផ្សែងកើតពី ភ្លើងឆេះព្រៃនៅកាណាដា

បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កាលពីថ្ងៃពុធ បានពន្យារពេលជើងហោះហើររាប់រយជើង ពីអាកាសយានដ្ឋានទីក្រុងញូវយ៉ក និងទីក្រុង ហ្វីឡាដែលហ្វៀ ដោយសារតែផ្សែងដ៏ខ្លាំងដែលមានប្រភពមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា FAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កំពុងពន្យាពេលចរាចរណ៍ពី East Coast និង Midwest ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិ Philadelphia ដោយសារតែមើលផ្លូវមិនឃើញ ព្រោះតែផ្សែងភ្លើងឆេះព្រៃ” ។

ទីភ្នាក់ងារនេះកាលពីថ្ងៃពុធក៏បានផ្អាកជើងហោះហើរដែលឆ្ពោះទៅកាន់ LaGuardia មួយរយៈពេលខ្លីផងដែរ ។ ជើងហោះហើរជាង ២០០០ ត្រូវបានពន្យារពេលនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បើទោះបីជាវាមិនមែនសុទ្ធតែជាលទ្ធផលនៃភ្លើងឆេះព្រៃក៏ដោយ។

គិតត្រឹមរពេលសៀល មានជើងហោះហើរចំនួន ១៨០ ត្រូវបានពន្យារពេលចេញពីទីក្រុង New York’s LaGuardia ខណៈដែលជើងហោះហើរចំនួន ១១៥ត្រូវបានពន្យារពេលនៅក្នុងអាកាសយានដ្ឋាន Newark រដ្ឋ New Jersey ។ អាកាសយានដ្ឋាន John F. Kennedy នៃទីក្រុងញូវយ៉ក មិនទទួលរងការពន្យារពេលដ៏សំខាន់ណាមួយឡើយ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ធំៗបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ពួកគេបានដឹង និងកំពុងតាមដានស្ថានការណ៍៕

To Top