ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសន្តិសុខថៃ កំពុងឃ្លាំមើលលើការ អំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិ ស្តីពីឯករាជ្យភាព ខេត្តភាគខាងត្បូងថៃ

បរទេស៖ មេបញ្ជាការរងកងទ័ពភូមិភាគទី៤ របស់ថៃ បាននិយាយថា ភ្នាក់ងារសន្តិសុខកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះក្រុមដែលបានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិជាសាធារណៈស្តីពីឯករាជ្យភាពនៃ “រដ្ឋប៉ាតានី” ពីប្រទេសថៃ ពីព្រោះការធ្វើបែបនេះគឺស្មើនឹងទង្វើនៃការបំបែកខ្លួន និងខុសច្បាប់។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាមុត ព្រំអីន (Pramote Prom-in) បាននិយាយថា ការអំពាវនាវប្រជាមតិត្រូវបានលើកឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដែលធ្វើឡើងដែលណែនាំ “ចលនានិស្សិតជាតិ” ឬ “Pelajar Bangsa” នៃខេត្តព្រំដែនភាគខាងត្បូងទាំងបួននៅបរិវេណ Pattani នៃសាកលវិទ្យាល័យ Prince of Songkla កាលពីថ្ងៃពុធ។

ឧត្តមសេនីយ ប្រាមុត បាននិយាយថា ទោះបីជានិស្សិតមានសិទ្ធិបញ្ចេញមតិក៏ដោយ ក៏ពួកគេគួរតែប្រុងប្រយ័ត្នកុំឱ្យបំពានច្បាប់ និងបូរណភាពទឹកដីរបស់ប្រទេស ដោយលោកបន្ថែមថា ភ្នាក់ងារសន្តិសុខបាននឹងកំពុងឃ្លាំមើលសកម្មភាពរបស់ពួកគេ។

ឧត្តមសេនីយ៏ ប្រាមុត បន្តថា អាជ្ញាធរមានកាតព្វកិច្ចធ្វើឱ្យមនុស្សក្នុងសង្គមយល់ថា ការបញ្ចេញមតិបែបនេះមិនសមរម្យ ដោយពិចារណាលើភាពរសើបលើសន្តិសុខក្នុង តំបន់ដែលញាំញីដោយក្រុមបះបោរជាយូរមកហើយ។

លោកបានបន្ថែមថា ការិយាល័យច្បាប់នៃយោធភូមិភាគទី៤ ដែលទទួលបន្ទុកភាគខាងត្បូង កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងចលនានិស្សិតនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top