ព័ត៌មានអន្តរជាតិ

រដ្ឋជាច្រើនរបស់អាមេរិក ស្ថិតនៅក្រោមការព្រមាន អំពីការបំពុលខ្យល់ ដោយសារភ្លើងឆេះព្រៃ នៅកាណាដា

វ៉ាស៊ីនតោន៖ ប្រជាជននៅទូទាំងតំបន់ដ៏ធំទូលាយរបស់អាមេរិក រួមទាំងទីក្រុងញូវយ៉ក កំពុងស្ថិតនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ កាលពីថ្ងៃពុធ ដោយសារគុណភាពខ្យល់មិនល្អពីផ្សែងក្រាស់ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសកាណាដា។

អភិបាលក្រុងញូវយ៉ក លោក Eric Adams បានព្រមានថា ទីក្រុងនេះ កំពុងជួបប្រទះនូវកម្រិតនៃការបំពុលខ្យល់ ដែលមិនធ្លាប់មានពីមុនមក ដោយអ្នកស្រុកសង្កេតឃើញ ផ្សែងពណ៌ទឹកក្រូចងងឹត និងក្លិនអាក្រក់នៅក្នុងខ្យល់។ លក្ខខណ្ឌនេះបានរំខានដល់កាលវិភាគហោះហើរមួយចំនួន និងនាំឱ្យមានការពន្យារពេលព្រឹត្តិការណ៍កីឡា។

អភិបាលក្រុងបាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញ Twitter ដោយណែនាំប្រជាជនឱ្យពាក់ម៉ាស់ និងកំណត់សកម្មភាពនៅ ខាងក្រៅថា “យើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត” ហើយការជូនដំណឹងត្រូវបានគេរំពឹងថា នឹងមានរហូតដល់យប់ថ្ងៃព្រហស្បតិ៍។

នៅថ្ងៃដដែលនេះ គុណភាពខ្យល់របស់ទីក្រុង បានក្លាយជាអាក្រក់បំផុតនៅក្នុងពិភពលោក ដោយសារតែផ្សែង នេះបើយោងតាមចំណាត់ថ្នាក់ពេលវេលាជាក់ស្តែងដោយក្រុមហ៊ុនផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ស៊ុយអែត IQAir AG ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានឲ្យដឹងថា ខ្លួនបានបន្ថយចរាចរណ៍ទៅ និងមកពីអាកាសយានដ្ឋានក្នុងតំបន់ញូវយ៉ក ដោយសារតែការកាត់បន្ថយការមើលឃើញពីផ្សែងភ្លើងឆេះព្រៃ៕ប្រែសម្រួល ឈូក បូរ៉ា

To Top