ព័ត៌មានអន្តរជាតិ

ព្រះចៅអធិរាជជប៉ុន នឹងបំពេញទស្សនកិច្ច រយៈពេល៧ថ្ងៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ព្រះចៅអធិរាជ Naruhito និងអធិរាជស្រី Masako នឹងបំពេញទស្សនកិច្ច នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ដែលជាការបង្ហាញពីសុច្ឆន្ទៈជាផ្លូវការលើកដំបូង របស់ទ្រង់ចាប់តាំងពីព្រះចៅអធិរាជ បានឡើងសោយរាជ្យ នៅឆ្នាំ២០១៩ ។

ព្រះចៅអធិរាជទាំង២ នឹងចូលរួមក្នុងព្រឹត្តិការណ៍នានា រួមទាំងការពិសាអាហារថ្ងៃត្រង់ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ដែលព្រះចៅអធិរាជ ទ្រង់នឹងថ្លែងសុន្ទរកថាផងដែរ ។

សម្រាប់ដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ដែលត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រី ធ្វើឡើងនៅគ្រាដែលប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព នៅក្នុងឆ្នាំនេះ ហើយឥណ្ឌូនេស៊ី ជាប្រធានអាស៊ាន ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ព្រះចៅអធិរាជទាំង២នេះ បានទទួលការអញ្ជើញពីលោក Widodo នៅក្នុងខែសីហា ឆ្នាំ ២០១៩ម្ល៉េះ ។ នេះបើយោងតាមទីភ្នាក់ងារ ប្រចាំនៅព្រះរាជដំណាក់ ព្រះចៅអធិរាជ បានឲ្យដឹងដូច្នេះ ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ព្រះចៅអធិរាជស្រី Masako ដែលបានស៊ូទ្រាំនឹងព្រះរោគ ដែលបណ្តាលមកពី មានភាពតានតឹង នឹងកំណត់ ថាតើ នឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍នីមួយៗ អាស្រ័យលើស្ថានភាព របស់ទ្រង់រឺយ៉ាងណា ។

ព្រះចៅអធិរាជទាំង២នេះ នឹងជួបជាមួយប្រធានាធិបតី និងភរិយា ហើយទទួលទានអាហារថ្ងៃត្រង់ នៅឯវិមាន នៅក្នុងទីក្រុង Bogor ជិតទីក្រុងហ្សាកាតា នៅថ្ងៃទី១៩ ខែមិថុនា ។ ទ្រង់ទាំងទ្វេនឹងដាក់ថ្វាយ កម្រងផ្កា នៅថ្ងៃបន្ទាប់ទៀត នៅទីបញ្ចុះសពវីរបុរស Kalibata ដែលជាកិត្តិយសដល់អ្នកដែលបានតស៊ូដើម្បីឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី ផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top