ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
លោកបណ្ឌិត លើកឡើងថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំ ១៩៩៣ ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ហើយដំណើរការប្រជាធិបតេយ្យនេះបានបន្តជារៀងរាល់ ៥ ឆ្នាំម្តងយ៉ាងទៀងទាត់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំបន្តិចម្តងៗ រហូតក្លាយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដោយសារតួលេខនៃអ្នកចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។
លោកបន្តថា ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។
លោក ម៉ាណែត បន្ថែមថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន ៣ គឺ៖ ជីវិត ជីវភាពរស់ និងកិត្តិយស។ ដូច្នេះ សូមសកម្មជនយុវជនបក្ស ដែលពាក់អាវរូបទេវតា និងមានបេះដូងលោតក្នុងចង្វាក់តែមួយ បន្តចូលរួមបម្រើបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ដើម្បីធ្វើយ៉ាងណារួមគ្នារុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពរុងរឿងស្របតាមចក្ខុវិស័យ និងគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៥០៕