ព័ត៌មានជាតិ

សម្ដេចតេជោ៖ ក្រុមប្រឆាំងកំពុងដាក់ការសង្ស័យគ្នា ជុំវិញការបែកធ្លាយគម្រោង សម រង្ស៊ី ចូលវៀតណាម

ភ្នំពេញ៖ ជុំវិញគម្រោងផែនការរបស់លោក សម រង្ស៊ី ចូលវៀតណាមដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយ ចេញកាលពីសប្តាហ៍មុននោះ ត្រូវបានសម្តេចសើចចំអកទៅក្រុមប្រឆាំងថា ពួកគេកំពុងតែដាក់ការសង្ស័យ លើគ្នាទៅវិញទៅមកហើយ អំពីការបែកធ្លាយព័ត៌មានសំងាត់នេះ។

ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោបានបន្តទម្លាយ នូវផែនការសម្ងាត់របស់ក្រុមប្រឆាំង ដែលសម្តេចឲ្យនាម ជាពួកជ្រុលនិយមថា មានការប្រជុំតាមបណ្តាញអនឡាញ់ Zoom នៅសហរដ្ឋអាមេរិក ប៉ុន្តែសំឡេងទាំងអម្បាញ់ម៉ាន់ របស់ពួកគេបានធ្លាក់មកដល់ដៃសម្ដេចជាបន្តបន្ទាប់ ។ ក្នុងនោះសម្តេចគូសបញ្ជាក់ថា ពួកគេបានណែនាំឲ្យធ្វើយុទ្ធនាការ Wifi មិនឲ្យពលរដ្ឋទៅបោះឆ្នោតដែល សម្តេចបានស្គាល់យ៉ាងច្បាស់ថា ជាសំឡេងរបស់ លោក រី គា ជាអតីតអគ្គលេខាគណបក្សសង្គ្រោះជាតិប្រចាំអាមេរិក ។

សម្ដេចតេជោបញ្ជាក់ទៀតថា ជាមួយគ្នានេះក៏មានសំឡេងមួយទៀត ពួកគេជួបប្រជុំគ្នាតាមZoom នៅបារាំង ក៏សំឡេងនេះបានមកដល់សម្តេចដែរ ។ សម្តេចសង្កត់ធ្ងន់ទៀតថា “នេះគ្រាន់តែថា អ្នកឯងពីថ្ងៃនេះតទៅ គឺអត់មានឱកាសដើម្បីនិយាយឲ្យបិទទេ ហើយអ្នកឯងកំពុងសង្ស័យថា អ្នកណាដែលនៅតុបាយហើយទៅប្រាប់ ហ៊ុន សែន ថាកំពុងត្រៀមចូលទៅវៀតណាម ដោយប្រើបាស្ព័រប៉អឹម អាហ្នឹងកំពុងដាក់ការសង្ស័យពេញទឹកពេញដី”។

សម្ដេចតេជោក៏បានឌឺដងថា ទោះបីជាយ៉ាងណា សម្ដេចមិនប្រាប់ពួកគេទេថា អ្នកណាជាអ្នកលួចផ្តល់ព័ត៌មានមកសម្តេច ។ ដោយសម្តេចសើចចំអកថា “ប៉ុន្តែទាល់តែអ្នកកាប់មនុស្ស នៅជុំវិញអ្នកឯងសម្លាប់ចោល ទុកតែអ្នកឯងម្នាក់ទើបអស់មនុស្សរបស់ហ៊ុន សែន” ។

សូមរំលឹកថា កាលពីថ្ងៃ៧ មិថុនា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមិត្តវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយគ្នា ត្រូវចាប់ខ្លួនលោក សម រង្ស៊ី បើសិនឃើញវត្តមាននៅវៀតណាម។ ការស្នើសុំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្តេចបានទទួលនូវព័ត៌មានសំងាត់មួយមកថា លោក សម រង្ស៊ី គ្រោងនឹងមកវៀតណាម ក្នុងនាមជាភ្ញៀវទេសចរមកទស្សនាវៀតណាម ដោយប្រើប៉ាស្ព័រសញ្ញាតិបារាំង ។ ជាមួយគ្នានេះ សម្តេចក៏បានព្រមានផងដែរថា ប្រសិនបើមិនវៀតណាមមិនព្រមចាប់ខ្លួន បុគ្គលដែលជាទណ្ឌិតនេះទេ វៀតណាមពិតជាមានបញ្ហាជាមួយកម្ពុជាហើយ ៕

To Top