ព័ត៌មានអន្តរជាតិ

អាមេរិក​ កំពុងរៀបចំផ្តល់​ជំនួយ​យោធា​ ​បន្ថែម​ដល់​ទៅ ៣២៥ លាន​ដុល្លារ​ សម្រាប់​អ៊ុយក្រែន

បរទេស៖ មន្ត្រី​ការពារជាតិ​អាមេរិក​ម្នាក់​ប្រាប់ VOA ថា សហរដ្ឋ​អាមេរិក​កំពុង​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដល់​ទៅ ៣២៥ លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់ជំនួយនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលរថពាសដែក Stryker និង Bradley ដែលអាចជំនួសរថពាសដែកដែលខូច និងត្រូវបានបំផ្លាញនៅក្នុងការវាយលុករបស់អ៊ុយក្រែនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ៗ នេះបើយោងតាមមន្ត្រីការពារជាតិពីរនាក់ដែលបាននិយាយទៅកាន់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមុនការចេញផ្សាយកញ្ចប់ដែលរំពឹងទុកនៅថ្ងៃអង្គារ។

ក្រុមមន្ត្រីបាននិយាយថា ជំនួយថ្មីនេះក៏រួមបញ្ចូលផងដែរនូវគ្រាប់រំសេវសម្រាប់ ប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ជាតិ (NASAMS) រួមជាមួយនឹងគ្រាប់មីស៊ីលជាច្រើន ទៀតសម្រាប់ប្រព័ន្ធមីស៊ីលចល័ត (HIMARS) របស់ប្រទេសអ៊ុយក្រែន។

សេចក្តីប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងចំពេលមានរបាយការណ៍ថា អ៊ុយក្រែនបានបាត់បង់រថយន្តប្រយុទ្ធរបស់កងទ័ពថ្មើរជើង Bradley ជាច្រើនគ្រឿងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្ហាញពីការខាតបង់ខាងយោធានៃការវាយលុកបច្ចុប្បន្ន៕

ប្រែសម្រួលៈ ណៃ តុលា

To Top