ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ស៊ីរី៖ ​ប្រក្រតីភាពជាមួយ​តួកគី​គឺការដក​តួកគី ចេញ​ពី​ទឹកដីស៊ីរី

អង់ការ៉ា៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានឲ្យដឹងថា កិច្ចចរចាប្រក្រតីភាពស៊ីរី-តួកគី គួរតែដំណើរការឆ្ពោះទៅរកគោលដៅនៃការដកទ័ពតួកគីចេញពីប្រទេសស៊ីរី និងប្រឆាំងអំពើភេរវកម្ម។

ក្នុងជំនួបជាមួយលោក Ali Asghar Khaji ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Assad បានលើកឡើងថា គោលដៅចម្បងរបស់ស៊ីរី ក្នុងកិច្ចពិភាក្សានាពេលខាងមុខ គឺការដកតួកគី ចេញពីទឹកដីស៊ីរី និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

លោកប្រធានាធិបតីបានបន្ថែមថា ភាគីទាំងពីរត្រូវតែស្វែងរកមធ្យោបាយ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ដោយកិច្ចសហប្រតិបត្តិការជាមួយភាគីរុស្ស៊ី និងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំណែក​ឯ​លោក Asghar Khaji ទីប្រឹក្សា​កិច្ចការ​នយោបាយ​ពិសេស​បាន​សរសើរ​រដ្ឋាភិបាលស៊ីរី​ចំពោះ​ការ​ធ្វើ​ប្រក្រតីភាព​ជាមួយ​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ទៀត។

អ៊ីរ៉ង់ និងរុស្ស៊ី បាននិងកំពុងសម្រុះសម្រួលការចរចារប្រក្រតីភាពរវាងស៊ីរី និងតួកគី កាលពីពេលថ្មីៗនេះ ដោយបានរៀបចំកិច្ចប្រជុំជាច្រើនលើកម្រិតរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេស។

ចាប់តាំងពីចុងឆ្នាំមុន នៅពេលដែលរុស្ស៊ី និងអ៊ីរ៉ង់កំពុងត្រួសត្រាយផ្លូវ សម្រាប់ការចរចាស៊ីរី-តួកគី រដ្ឋាភិបាលស៊ីរី បានផ្តល់អាទិភាពដល់ការដកកងកម្លាំងតួកគី ចេញពីប្រទេសស៊ីរី ជាលក្ខខណ្ឌចាំបាច់ សម្រាប់ការធ្វើឱ្យមានលក្ខណៈប្រក្រតីឡើងវិញ៕ប្រែសម្រួល ឈូក បូរ៉ា

To Top