ឧបនាយករដ្ឋមន្រ្តីលោកស្រី Chrystia Freeland បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកាណាដា បានផ្អាកសកម្មភាព របស់ខ្លួនជាមួយធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលដឹកនាំដោយប្រទេសចិន ដើម្បីស៊ើបអង្កេតការចោទ ប្រកាន់ថាធនាគារនេះ ត្រូវបានគ្រប់គ្រងដោយបក្ស កុម្មុយនិស្តចិន។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Freeland បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកាណាដា “នឹងបញ្ឈប់ភ្លាមៗរាល់សកម្មភាព ដែលដឹកនាំដោយរដ្ឋាភិបាលនៅធនាគារ” ដោយបន្ថែមថា លោកស្រីបាន “ណែនាំនាយកដ្ឋាន ហិរញ្ញវត្ថុឱ្យដឹកនាំការត្រួតពិនិត្យជាបន្ទាន់លើការចោទប្រកាន់ដែលបានលើកឡើង និងការចូលរួមរបស់កាណាដានៅក្នុងធនាគារ AIIB” ។
លោកស្រីបន្តដោយមិនបានច្រានចោល “លទ្ធផលណាមួយ” នៃការពិនិត្យនោះទេ ដោយបង្ហាញថា រដ្ឋាភិបាលទីក្រុងអូតាវ៉ា អាចដកខ្លួនចេញពីធនាគារនេះ។
ការអត្ថាធិប្បាយនេះបានកើតឡើង នៅពេលដែលលោក Bob Pickard ដែលជានាយកផ្នែកទំនាក់ទំនង សកលរបស់ធនាគារ AIIB និងជាជនជាតិកាណាដាផងដែរនោះ បានបង្ហោះសារកាលពីថ្ងៃពុធថា លោកបានលាលែង ពីតំណែងដោយអះអាងថា ធនាគារអភិវឌ្ឍន៍ត្រូវបានគ្រប់គ្រង ដោយសមាជិកបក្សកុម្មុយនិស្ត។
លោកបាននិយាយថា “ខ្ញុំមិនជឿថាផលប្រយោជន៍របស់ប្រទេសរបស់ខ្ញុំត្រូវបានបម្រើ ដោយសមាជិកភាព AIIB របស់ខ្លួននោះទេ។ លោកស្រី Freeland ឧបនាយករដ្ឋមន្រ្តីរបស់កាណាដា បាននិយាយថា កាណាដានឹងពិភាក្សាអំពីបញ្ហានេះ ជាមួយប្រទេសសមាជិកផ្សេងទៀតរបស់ធនាគារ៕
ប្រែសម្រួលៈ ណៃ តុលា