សេអ៊ូល៖ សម្លេងសហរដ្ឋអាមេរិក ហៅកាត់ VOA បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ថា បន្ទាប់ពីបានធ្វើការរុករកនៅក្រោមទឹក អស់ជាច្រើនសប្តាហ៍មក យោធាកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានប្រមូលយកបំណែកជាច្រើននៃគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ដែលបានបាញ់ដោយទទួលបរាជ័យ នៅក្នុងការបញ្ជូនផ្កាយរណបចារកម្ម របស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីកាលពី១៥ថ្ងៃមុន ។
អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា វត្ថុដែលមានរាងស៊ីឡាំងប្រវែង១២ម៉ែត្រ ទទឹង២,៥ម៉ែត្រ ដែលត្រូវបានគេជឿថា ជាដំណាក់កាលទី២នៃគ្រាប់រ៉ុក្កែត ដែលមាន៣ដំណាក់កាល ត្រូវបានស្រង់ឡើងពីបាតសមុទ្រ ។ វាត្រូវបានស្រង់យកពីជម្រៅទឹក៧៥ម៉ែត្រ ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីកោះមួយនៅឆ្នេរសមុទ្រភាគខាងលិច ។
អ្នកមុជទឹកក្នុងសមុទ្រជ្រៅរាប់សិបនាក់ ព្រមទាំងកប៉ាល់ និងយន្តហោះបានប្តេជ្ញាចិត្តក្នុងបេសកកម្មរុករកនេះ បន្ទាប់ពីគ្រាប់រ៉ុក្កែតបានធ្លាក់ចូលសមុទ្រលឿងកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅនេះ ។
យោធារបស់ក្រុងសេអ៊ូល បានបញ្ជាក់ថា បំណែកនៃគ្រាប់រុក្កែតទាំងនោះនឹងត្រូវបានសិក្សា ដោយអ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បើទោះបីជាប្រតិបត្តិការទាញយកមកក៏ដោយ គឺនៅតែមានការប្រុងប្រយ័ត្ននៅក្នុងសមុទ្រ ហើយការស្វែងរកឃើញនេះ គឺវាជាដំណាក់កាលទី៣ និងជាការផ្ទុករបស់គ្រាប់រ៉ុក្កែត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា