ព័ត៌មានជាតិ

ព្រឹកស្អែក! សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំ ទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើម ការដ្ឋានការងារសាងសង់ ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។

គម្រោងបាក់ខែងនេះ មានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ ដោយក្រុមហ៊ុនម៉ៅការ សាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែង នេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ៕

To Top