បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីចិនលោក Li Qiang បានធ្វើដំណើរបំពេញទស្សនកិច្ចមកដល់ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើជំនួបពិភាក្សាថ្នាក់រដ្ឋាភិបាលលើកទី៧រវាងរដ្ឋាភិបាលក្រុងប៊ែរឡាំងនិងរដ្ឋាភិបាលក្រុងប៉េកាំង។
នៅក្នុងពេលមកដល់លោក Li បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំងបានត្រៀម ខ្លួនរួចរាល់ហើយក្នុងការធ្វើការងារជាមួយនឹងរដ្ឋាភិបាលក្រុងប៊ែរឡាំង ដើម្បីស្វែងរកឱកាស បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនិងជំរុញឲ្យមានការវិវត្តទៅនៃ ចំណងទំនាក់ទំនងទ្វេភាគី។
លោក Li បានធ្វើការកត់សំគាល់ដែរថាអាល្លឺម៉ង់ គឺជាប្រទេសដំបូងគេបំផុតដែលលោកបាន បំពេញទស្សនកិច្ចក្នុងនាមជានាយករដ្ឋមន្ត្រីនិងចាប់តាំង តែពីពេលលោកបានឡើងកាន់តំណែងនេះ ហើយដំណើរទស្សនកិច្ចលើកនេះនឹងអាចជួយរុញឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាគឺកាន់ តែមានភាពល្អប្រសើរឡើង។
គួរឲ្យដឹងដែរថាកាលពីឆ្នាំទៅលោកប្រធានាធិបតីចិន Xi Jinping បានធ្វើការផ្ញើសារអបអរខួបលើកទី៥០នៃកំណើតនៃទំនាក់ទំនងរវាងចិន និងអាល្លឺម៉ង់ ព្រមទាំងបានផ្តល់នូវអនុសាសមួយចំនួន ពាក់ព័ន្ធទៅនឹងគោលការណ៍ជាយុទ្ធសាស្ត្រនិង ការជំរុញទំនាក់ទំនងទ្វេភាគីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី