ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ ​ដោយ​ក្តី​បារម្ភ​លើ​ទស្សនវិស័យ​តម្រូវការ

ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគតបានធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភអំពីទស្សនវិស័យតម្រូវការប្រេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌​មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាបានធ្លាក់ចុះចំនួន ១,២៨ ដុល្លារអាមេរិក ឬ ១,៧៨ភាគរយមកនៅត្រឹម ៧០,៥០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅ្រភេទ Brent សម្រាប់ការចែកចាយខែសីហា បានធ្លាក់ចុះ ០,៧១ដុល្លារ ឬ ០,៩២ភាគរយ មកនៅត្រឹម ៧៥,៩០ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

តម្លៃប្រេងបានធ្លាក់ចុះវិញដោយក្តីបារម្ភជាថ្មីកាលពីថ្ងៃអង្គារលើតម្រូវការ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងវគ្គពីរមុនលើការរំពឹងទុកនៃគោលនយោបាយជំរុញសេដ្ឋកិច្ចពីប្រទេសចិន។

លោក Vladimir Zernov អ្នកវិភាគនិងអ្នកផ្គត់ផ្គង់ព័ត៌មានទីផ្សារ FX Empire បានឲ្យដឹងថា ប្រេង WTI បានធ្លាក់ចុះវិញ នៅពេលដែលឈ្មួញមានប្រតិកម្ម ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការកាត់បន្ថយអត្រាការប្រាក់រយៈពេលវែង។

ទោះបីជាការកាត់បន្ថយអត្រាប្រាក់កម្ចីរយៈពេល ៥ ឆ្នាំរបស់ប្រទេសចិនពី ៤,៣ភាគរយទៅ ៤,២ ភាគរយគឺស្របតាមការរំពឹងទុករបស់អ្នកវិភាគក៏ដោយ ពាណិជ្ជករចង់ឃើញការកាត់បន្ថយដ៏ខ្លាំងក្លាបន្ថែមទៀត ​។

លោក Mark Haefele ប្រធានផ្នែកវិនិយោគនៅ UBS Global Wealth Management បានឲ្យដឹងនៅក្នុងកិច្ចប្រជុំតុមូលប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃអង្គារថា កំណើនរបស់ប្រទេសចិន នឹងបន្តប្រសើរឡើង ហើយប្រទេសនេះអាចនឹងមានការជំរុញមួយចំនួន ដែលគួរតែជួយធ្វើឱ្យផ្នែកតម្រូវការត្រឡប់មកវិញនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ប្រភព UBS បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យ ពាក់កណ្តាលឆ្នាំ សម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៣ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ភាពទន់ខ្សោយនៃតម្លៃប្រេងនាពេលថ្មីៗនេះផ្តល់នូវឱកាសមួយដើម្បីបន្ថែមទៅលើមុខតំណែងដែលជ្រើសរើស ហើយ UBS មានជំហរពេញចិត្តបំផុតលើប្រេង និងមាស៕ប្រែសម្រួល ឈូក បូរ៉ា

To Top