ព័ត៌មានអន្តរជាតិ

ធនាគារឯកជន រីកចម្រើន គឺឆ្លុះបញ្ចាំង នៃការរីកចម្រើនវិស័យហិរញ្ញវត្ថុ នៅកម្ពុជា

ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានថ្លែងឱ្យដឹងថា ការរីកចម្រើនរបស់ធនាគារឯកជន គឺជាការឆ្លុះបញ្ចាំង ពីការរីកចម្រើន នៃវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

ក្នុងពិធីបើកសម្ពោធជាផ្លូវការ ជាមួយការផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការសាខាថ្មីចំនួនពីរ របស់ធនាគារប្រ៊ីដ នៅទួលគោក និងក្រុងតាខ្មៅ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ជា ចាន់តូ បានចូលរួមអបអរសាទរចំពោះធនាគារប្រ៊ីដនូវសមិទ្ធផលនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន។

លោក ទេសាភិបាល គូសបញ្ជាក់ថា «ពិធីសម្ពោធ ធនាគារ ប្រ៊ីដ នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពី ការ រីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ធនាគារ ប្រ៊ីដបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយកម្លាយខ្លួនពីធនាគារឯកទេសទៅជា ធនាគារពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស»។

នាឱកាសនោះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រ៊ីដ បានថ្លែងថា «យើងបានរៀបចំការសម្ពោធធនាគាររបស់ យើងយ៉ាងប្រុងប្រយ័ត្នដោយបានរៀបចំផែនការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថាយើងបាន ដាក់ដំណើរការសេវាកម្មរបស់ពួកយើងជាសាធារណៈជាមួយនឹងគុណភាព។បទពិសោធន៍សេវាធនាគារអតិថិជនគឺជាអាទិភាព ធំបំផុតរបស់ពួកយើង»។

សូមបញ្ជាក់ថា ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុកដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព៕

To Top