ព័ត៌មានអន្តរជាតិ

បច្ចុប្បន្ន កម្ពុជា មានទោចក្រយានយន្ត កើនឡើង ៦លានគ្រឿង

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿង ចុះក្នុងបញ្ជីរួចរាល់។

ក្នុងកម្មពិធីបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា លទ្ធផលការងារចុះបញ្ជីយានយន្ត បើគិតក្នុងឆ្នាំ១៩៩៨ កម្ពុជាមានទោចក្រយានយន្តចំនួនប្រមាណ ២០ម៉ឺនគ្រឿង និងរថយន្តប្រមាណ ៦ម៉ឺនគ្រឿង។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា «ប៉ុន្តែបច្ចុប្បន្ន គិតត្រឹម២០២៣ កម្ពុជាកើនឡើងទោចក្រយានយន្តរហូតដល់ចំនួនប្រមាណ ៦លានគ្រឿង និងរថយន្តចំនួនប្រមាណ ១លានគ្រឿងដែលបានចុះក្នុងបញ្ជីរួចរាល់»។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងអំពីវឌ្ឍនភាពការងារនៃវិស័យសាធារណការ និងដឹកជញ្ជូនជាសង្ខេបដែលក្នុងនោះមានជាអាទិ៍ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងផ្លូវរថភ្លើង គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងផ្លូវនាវាចរណ៍ និងភស្ដុភារកម្មទន្លេបាសាក់ ព្រែកជីកហ្វូណនតេជោ ជាដើម៕

To Top