ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ស្ថានភាព ​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ​ដែលអ៊ីស្រាអែល​កាន់កាប់

យូអិន៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តអំពើហិង្សា និងការបាត់បង់ជីវិតនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកាន់កាប់។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកអគ្គលេខាធិការ ថ្កោលទោសរាល់អំពើហឹង្សាលើជនស៊ីវិល រួមទាំងអំពើភេរវកម្ម”។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា “វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយភាពតានតឹង និងដើម្បីការពារការកើនឡើងបន្ថែមទៀត”។ អ៊ីស្រាអែល ត្រូវតែធានាថា ប្រជាជនស៊ីវិល ត្រូវបានការពារប្រឆាំងនឹងរាល់អំពើហឹង្សា ហើយជនល្មើសត្រូវទទួលខុសត្រូវ។

អ៊ីស្រាអែល ត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការប្រើប្រាស់កម្លាំងសមាមាត្រ និងការចាត់វិធានការប្រុងប្រយ័ត្ន ដែលអាចធ្វើទៅបាន ដើម្បីទុកជនស៊ីវិលក្នុងប្រតិបត្តិការយោធា។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “នៅទីបំផុត មានតែការវិលត្រឡប់ទៅកាន់ដំណើរការនយោបាយដ៏មានអត្ថន័យ និងការបញ្ចប់ការកាន់កាប់ប៉ុណ្ណោះ ដែលនឹងនាំមកនូវការបញ្ចប់នូវវដ្តនៃអំពើហឹង្សាដ៏សាហាវនេះ និងការបាត់បង់ជីវិតដោយមិនដឹងខ្លួន”៕ប្រែសម្រួល ឈូក បូរ៉ា

To Top