ភ្នំពេញ : ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាប្រៀរ អង្គរ) រួមជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាថ្ងៃសក្ខីកម្ម នៃការចាប់ផ្តើមយុទ្ធនាការប៉ុណ្ណោះទេ តែក៏ដើម្បីបន្ទរ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីគោលដៅ នៃយុទ្ធនាការ និងប្រកាសស្វែងរកដៃគូបន្ថែម ដើម្បីចូលរួមក្នុងដំណើរឆ្ពោះកាន់ «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានទំនួលខុសត្រូវ» ព្រោះថាយើងម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំដ៏សំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានឲ្យសង្គមរបស់យើងកាន់តែប្រសើរ។
បន្ទាប់ពីពិធីប្រកាសយុទ្ធនាការនេះជាផ្លូវការ វីដេអូ និងសារអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រើប្រាស់អំពីការទទួលទានគ្រឿងស្រវឹង ដោយទទួលខុសត្រូវ នឹងបង្ហោះផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្តាញសង្គមរបស់ ខេមប្រ៊ូវ ក៏ដូចជាចែករំលែកនៅលើទំព័រដៃគូផ្សព្វផ្សាយ និងសារព័ត៌មាន។
លោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានមានប្រសាសន៍ក្នុងពិធីនេះថា លោកជឿថា គ្រឿងស្រវឹងនៅពេលទទួលទានក្នុងកម្រិត សមស្របប្រកបដោយការទទួលខុសត្រូវ អាចជាផ្នែកមួយ នៃបែបផែនជីវិតរស់នៅក្នុងសង្គម ដ៏មានតុល្យភាពរវាងសុខភាព និងទំនាក់ទំនង ក៏ដូចជាចូលរួមរិតចំណងមិត្តភាពកាន់តែរីករាយ។
លោកបានបន្តទៀត «ទោះជាយ៉ាងណា ការពិសាដោយគ្មានទំនួលខុសត្រូវ អាចប្រែក្លាយពេលវេលាវិជ្ជមានទាំងនោះទៅជាចំណុចអវិជ្ជមានទៅវិញ។
ពី ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានការទទួលខុសត្រូវខ្ពស់មួយ យើងចង់ឃើញអ្នកប្រើប្រាស់រីករាយពិសាគ្រឿងស្រវឹង ក្នុងកម្រិតសមស្រប និងដឹកនាំភាពជាគំរូលើការពិសាដោយការទទួលខុសត្រូវ»។
លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ ក្រុមហ៊ុន ខេមប្រ៊ូវ និងបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ នឹងរួមជាប្រយោជន៍ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈទាក់ទងនឹងការពិសាគ្រឿងស្រវឹង ជាពិសេសក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកក៏បានបន្ថែមថា «យើងចង់ឃើញឧស្សាហកម្មគ្រឿងស្រវឹងទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការពិសា ដោយការទទួលខុសត្រូវ ក៏ដូចជាចូលរួមឲ្យសកម្មក្នុងការ ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងគ្រឿងស្រវឹង។
យើងត្រូវរួមគ្នាក្នុងគោលបំណងតែមួយ គឺដើម្បីប្រយោជន៍សង្គមជាតិយើងទាំងមូល»។
លោក សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងនូវការសាទរ និងគាំទ្រចំពោះយុទ្ធនាការនេះ ដែលផ្តោតលើការអប់រំ ព្រោះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ យុទ្ធនាការនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ លោកជឿថា បង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងស្រវឹង នឹងផ្តល់អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់យុវជន ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។