ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចង់ឲ្យបងប្អូនកសិករ កែប្រែខ្លួនទៅជាកសិករទំនើប ឬសហក្រិន វិស័យឌីជីថល​ ក្នុងវិស័យ​កសិកម្ម​

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញពីបំណងចង់ បងប្អូនប្រជាកសិករ មានការគិត និងកែប្រែទម្លាប់ ដើម្បីកែប្រែខ្លួនទៅជាកសិករទំនើប ឬសហក្រិន វិស័យឌីជីថល​ ក្នុង​វិស័យ​កសិកម្ម​ ។

ក្នុងឱកាសបន្តអញ្ជើញ ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រ ដល់ខ្សែច្រវាក់ផលិតកម្ម ដាំដុះស្វាយចន្ទី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច បានធ្វើការបង្ហាញ អំពីវត្ថុបំណង ចង់អោយបងប្អូនកែប្រែខ្លួន ទៅជាកសិករទំនើប ឬសហក្រិនវិស័យឌីជីថល​ ក្នុង​វិស័យ​កសិកម្ម​ គឺ​៖​ ១.រៀបចំ​ផែនការ​ដាំដុះ​ ថែទាំ​ និង​ប្រមូល​ផល, ២.គិត​ពីប្រាក់ចំណេញ, ៣.សិក្សា​បញ្ហា​ប្រឈម, ៤.គិត​ពីការកាត់បន្ថយចំណាយ និង៥.ការផ្គត់ផ្គង់ទីផ្សារ និង​តភ្ជាប់​ទីផ្សារ​ ។

លោកបណ្ឌិត បញ្ជាក់ថា ដើម្បីសម្រេចកម្មវត្ថុទាំង​ ៥​ ខាងលើ​នេះ​ លោកចង់ឲ្យបងប្អូន​ប្រជា ប្រជាកសិករ​ ចាំ​បាច់​ត្រូវ​រៀប​ចំ​ផែន​ការ​ដាំដុះ ឲ្យបាន​ច្បាស់លាស់​ ថាតើ​គួរ​ដាំដុះដំណាំអ្វី ហើយគូរដាំនៅពេលណា? ដាំដំណាំ​អ្វី​ខ្លះ​ដែល​ទីផ្សារ​ត្រូវ​ការ​ គួរ​ថែទាំ​របៀប​ណា​ នៃការសំអាត​ស្មៅ​ ដាក់ជី​ ដាក់ទឹក​ បាញ់​ថ្នាំ​ តែង​ដើម-មែក​ ឬបងប្អូនអាចកែប្រែដី​ណាមួយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចអោយយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ​ ។ មួយទៀត បងប្អូនត្រូវចេះកត់ត្រាចំណូល ចំណាយអោយបានច្បាស់លាស់ និង ស្វែងរកការចុះកិច្ចសន្យា កសិកម្ម ដើម្បីធានាស្ថេរភាពទីផ្សារ និងតំលៃ ជាដើម។ ល។

ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត បានអនុញ្ញាតអោយបងប្អូនប្រជាកសិករ ឡើងបញ្ចេញមតិ និងទស្សនៈផ្សេងៗជុំវិញ បញ្ហាវិស័យកសិកម្ម ដែលបងប្អូនកំពុងប្រឈម និងកំពុងជួបផលវិបាក និងជាពិសេសពាក់ព័ន្ធនឹងស្វាយចន្ទី ។ លោកបណ្ឌិត ក៏បានអនុញ្ញាតបងប្អូន ដាំដុះស្វាយចន្ទី លើកជាសំណើរ និងសំណូមពរ មកធនាគារ ARDB ផងដែរ។

យកឱកាសនៃការជួបជុំនៅព្រឹកនេះ លោកបណ្ឌិត កៅ ថាច បានធ្វើការផ្តាំផ្ញើរ សំណូមពរ និងជូនយោបល់មួយចំនួនដល់បងប្អូនកសិករ នៅក្នុងស្រុកគាស់ក្រឡ ៖
១.ណែនាំអំពីព័ត៌មានទីផ្សារស្វាយចន្ទីនៅក្នុងស្រុក និងទីផ្សារក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងមានតំរូវការខ្ពស់។ ជាមួយគ្នានេះលោកបណ្ឌិត បានធ្វើការផ្សព្វផ្សាយអំពីគោល នយោបាយស្វាយចន្ទី និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ចង់ប្រែក្លាយប្រទេសកម្ពុជា ជាអធិរាជនាំចេញ ស្វាយចន្ទី ទៅកាន់ពិភពលោក ។ ដូចនេះលោកចង់អោយបងប្អូន គួរចងក្រងគ្នា ជាសហគមន៍ ឬបណ្តុំផលិតស្វាយចន្ទី នៅក្នុងតំបន់របស់ខ្លួន ដោយរៀបចំអោយមានរចនាសម្ព័ន្អច្បាស់លាស់ មានឃ្លាំងស្តុក សប្បិកម្មកែច្នៃស្វាយចន្ទី របស់ខ្លួនផ្ទាល់។ ការណ៍នេះបងប្អូនអាចទទួលបានផលចំនេញច្រើន ចូលក្នុងសហគមន៍ផ្ទាល់ ដោយមិនមានការបារម្មណ៍ការទំលាក់ថ្លៃពីឈ្មួញកណ្តាល។ បន្ថែមលើនេះលោកបណ្ឌិត បានធ្វើការណែនាំផងដែរ អំពីកញ្ចប់ឥណទានពិសេស អត្រាការប្រាក់ទាប របស់រាជរដ្ឋាភិបាលគាំទ្រ ដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី។ ដូចនេះបងប្អូន អាចធ្វើការទំនាក់ទំនង មានធនាគារ ARDB ដើម្បីទទួលបានកម្ចីអត្រាការប្រាក់ទាប។

២.ក្រៅពីកញ្ចប់ឥណទានគាំទ្រដល់ស្វាចន្ទី លោកបណ្ឌិត បានធ្វើការផ្សេព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់វិស័យកសិកម្មទាំងមូល មានដូចជា ការចញ្ចឹមសត្វ ដាំដុះបន្លែ ក្នុងផ្ទះសំណាញ់ ជាដើម។ល។ ដូចនេះ ក្នុងករណីបងប្អូន ​ប្រជាកសិករ​ ឬបណ្តុំផលិត​ ណាម្នាក់ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB បានក្នុង​អត្រា​ការប្រាក់​សមរម្យ​។

៣.ណែនាំអោយបងប្អូន កែប្រែទម្លាប់ពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាព ធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។

៤.លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀន សូត្របន្ថែមអំពីបច្ចេកទេសដាំដុះ ដោយកុំធ្វើតាមទម្លាប់ដដែលៗ ដែលចេះតគ្នា។

៥.រៀនតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ ហើយ ត្រូវចេះជ្រើសរើសការដាំដំណាំតាមរដូវ និងមានទីផ្សារ និងមានតំរូវការ ។ ណាមួយបងប្អូនគួរកុំជ្រើសរើសការដាំដុះដំណាំតាមគ្នា ដោយពុំមានព័ត៍មានច្បាស់លាស់។

៦.ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់។

៧.ណែនាំ អោយបងប្អូនកុំទុកដីអោយទំនេរ និងកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម។

៨.លោកបណ្ឌិត បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាកសិករ សហគនម៍កសិកម្ម ទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទាំងអស់គ្នា កុំបីខានផងដែរ ៕

To Top